ក្នុងកិច្ចប្រជុំរបស់សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ម្សិលមិញ ដោយសំអាងថា មានបញ្ហាស្មុគស្មាញក្នុងការគ្រប់គ្រងភូមិសាស្ត្រនៅសង្កាត់ធំៗមួយចំនួន និងបានធ្វើឲ្យតម្រូវការកើនឡើងនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋមានភាពអសកម្មនោះ អាជ្ញាធររាជធានីភ្នំពេញដែលកំពុងគ្រប់គ្រងអំណាចដោយឯកឧត្តម ប៉ា សុជាតិវង្ស ជាអភិបាល បានស្នើសុំទៅក្រសួងមហាផ្ទៃ ដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ដើម្បីបំបែកសង្កាត់ចំនួន៨របស់រដ្ឋបាលខណ្ឌចំនួន៥ ពោលគឺរាជធានីភ្នំពេញដែលមាន១២ខណ្ឌ និងមានសង្កាត់រហូតដល់ចំនួន១០៧ និងភូមិចំនួន១២៧(កើនសង្កាត់ថ្មីចំនួន១១ និងភូមិថ្មីចំនួន១៨) ។ សង្កាត់របស់រដ្ឋបាលខណ្ឌដែលត្រូវស្នើសុំបំបែកថ្មីនោះ រួមមាន ៖
១-ខណ្ឌមានជ័យ ៖
-សង្កាត់ស្ទឹងមានជ័យ មាន១៦ភូមិ ស្នើសុំបំបែកជា៣សង្កាត់ ។
-សង្កាត់បឹងទំពុន មាន១៥ភូមិ ស្នើសុំបំបែកជា៣សង្កាត់ ។
២-ខណ្ឌពោធិ៍សែនជ័យ ៖
-សង្កាត់ចោមចៅ មាន២៧ភូមិ ស្នើសុំបំបែកជា៣សង្កាត់ ។
-សង្កាត់កាកាប មាន៩ភូមិ ស្នើសុំបំបែកជា២សង្កាត់ ។
៣-ខណ្ឌឫស្សីកែវ ៖
-សង្កាត់ទួលសង្កែ មាន៣ភូមិ ស្នើសុំបំបែកជា២សង្កាត់ ។
៤-ខណ្ឌសែនសុខ ៖
-សង្កាត់ទឹកថ្លា មាន៩ភូមិ ស្នើសុំបំបែកជា២សង្កាត់ ។
-សង្កាត់ភ្នំពេញថ្មី មាន១០ភូមិ ស្នើសុំបំបែកជា២សង្កាត់ ។
៥-ខណ្ឌចំការមន ៖
-សង្កាត់ទន្លេបាសាក់ មាន១៦ភូមិ ស្នើសុំបំបែកជា២សង្កាត់ ។
គួរបញ្ជាក់ជូនថា បច្ចុប្បន្នភូមិសាស្ត្ររាជធានីភ្នំពេញមាន១២ខណ្ឌ ៩៦សង្កាត់ និង៩០៩ភូមិ ៕
ប្រភព៖ ដើមត្នោត