ឯកឧត្តម នូ ភឿង ប្រ​ធាន​ក្រុម​ប្រឹក្សា​ខេត្ត​ក្រ​ចេះ​ ប្រារព្ធ​ពិធី​អប​អរ​សា​ទរ​ថ្ងៃ​បុណ្យ​ឯក​រាជ្យ​ជាតិ

09-November-2015 | ដោយ មួយឡា

ក្រចេះ៖ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥ បានប្រារព្ធពិធីអបអរសាទរ ថ្ងៃបុណ្យឯករាជ្យជាតិលើកទី ៦២ (៩ វិច្ឆិកា ឆ្នាំ១៩៥៣ ~ ៩ វិច្ឆិកា ឆ្នាំ២០១៥) និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ក្រោម​អ​ធិ​ប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ ឯកឧត្តម នូ ភឿង ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និង ឯកឧត្តម សរ ចំរុង អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ។

ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ កង​កម្លាំង​ប្រ​ដាប់​អាវុធ​ ដើម្បី​គោរព​វិញ្ញាណ​ក្ខ័ន្ធ​ ចំ​ពោះ​​បុព្វបុរស​ វិរៈ​យុទ្ធជន​ យុទ្ធនារី​ ដែល​ពលី​ជីវិត​ដើម្បី​ជាតិ​មាតុ​ភូមិ​ ។

ឯកឧត្តម សរ ចំរុង អភិបាលខេត្តមានប្រសាសន៍ ពិតណាស់ គឺ​ប្រ​ជា​រាស្រ្ត​ខ្មែរ​ទូទាំង​ប្រទេស​ចង​ចាំ​ជា​និច្ច​នូវ​ព្រះ​រាជ​បូជនីយ​កិច្ចដ៏​ថ្លៃថ្លា​បំផុត​របស់​ ព្រះ​ករុណា ព្រះ​មហា​វីរក្សត្រ​ សម្តេច​ព្រះ​ នរោត្តម​ សីហនុ​ ព្រះ​បរមរតន​កោដ្​ឋ ដែល​ព្រះ​អង្គ​បាន​តស៊ូ​ និង​លះ​បង់​គ្រប់​យ៉ាង​ក្នុង​ការ​ទាម​ទារ​ឯក​រាជ្យ​ ពី​បា​រាំង​ជូន​ជាតិ​មាតុ​ភូមិ​។

ចាប់តាំងពី ព្រះរាជាណាចក្រកម្ពុជា បានទទួលឯករាជ្យពេញលេញ​ នៅ​ថ្ងៃ​ទី៩​ វិច្ឆិកា​ ឆ្នាំ​១៩៥៣​ គឺ​អតីត​ ព្រះ​មហាក្សត្រ​ សម្តេច​ព្រះ​ នរោត្តម​ សីហនុ​ ព្រះ​បរមរតន​កោដ្ឋ ព្រះ​អង្គបាន​ស្ថាបនា​ និង​អភិវឌ្ឍន៍​កម្ពុជា​ឥត​ឈប់​ឈរ​ ដែល​បាន​ធ្វើ​អោយ​ប្រទេស​យើង​រីក​ចម្រើន​គ្រប់​វិស័យ​។

នៅពេលនោះ ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាប្រទេស​ដែល​មាន​ឥទ្ឋិពល​មួយ​នៅ​អាស៊ី​ ដែល​ប្រជា​រាស្រ្​ត រស់​នៅ​ដោយ​សុខ​សាន្តបំ​ផុត​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះអង្គ​។

ជាអកុសលនៅថ្ងៃទី ១៨ មិនា ឆ្នាំ ១៩៧០ លន់ នុល បានធ្វើរដ្ឋប្រហារ​ផ្តួល​រំលំ​អតីត​ព្រះ​ប្រ​មុខ​រដ្ឋ ហើយ​បន្ទាប់​មក​បាន​នាំ​កម្ពុជា​ទាំង​មូល​អោយ​ធ្លាក់​ក្នុង​រណ្តៅ​វាល​ពិ​ឃាត​តែ​ម្តង​។ នេះ​គឺ​ជា​មេរៀន​គំរូ​ស្រាប់​ ដែល​បាន​បន្សល់​ទុក​នូវ​សោក​នាដ​កម្ម​ជា​លទ្ឋផល​នៃ​ការ​ផ្លាស់ប្តូរ​ទម្លាក់​ប្រមុខ​ដឹក​នាំ​តាម​ការ​ផ្តួល​រំលំ​ដើម្បី​អំណាច​។

ពេលនេះ កម្ពុជាត្រូវតែចៀសអោយឆ្ងាយពីផ្លូវដ៏សែនគ្រោះថ្នាក់បំផុតនោះ។ ជា​ពិសេស​ គណបក្ស​ប្រ​ជា​ជន​ និង​យើង​ខ្ញុំ​ព្រះ​ករុណា​ទាំង​អស់​គ្នា​ គឺ​ប្តេជ្ញា​ការពារ​រដ្ឋ​ធម្មនុញ្ញ​ ការ​ពារ​​ព្រះ​មហាក្សត្រ​ និង​ការ​ពារ​សុខ​សន្តិភាព​ជូន​កម្ពុជា​អោយ​ខាន​តែ​បាន​។

ព្រះរាជបូជនីយកិច្ច និងគុណូបការៈដ៏ធំធេងដែល ព្រះបរមរតនកោដ្ឋ បាន​បន្សល់​ទុក​អោយ​កម្ពុជា​ គឺ​យើង​ខ្ញុំ​ព្រះ​ករុណា​ទាំងអស់​គ្នា​ប្តេជ្ញា​បន្តនូវ​មរតក​ជាតិ​ដ៏​ឧត្តុង្គ​ឧត្តម​នេះ​ ដើម្បី​ចូលរួម​ដឹកនាំ​អភិវឌ្ឍន៍​ប្រ​ទេស​ស្រប​តាម​ព្រះ​រាជ​តម្រិះ​ដ៏​ខ្ពង់​ខ្ពស់​ បំ​ផុត​របស់​ព្រះ​អង្គ​ ដើម្បី​ធ្វើ​អោយ​កម្ពុជា​ទាំង​មូល​រីក​លូត​លាស់​ខ្លាំង​ឡើង។​

នៅក្នុងខួបឯករាជ្យជាតិ និងក៏ជាថ្ងៃខួបកំណើតកងទ័ពគំរប់​ ៦២ឆ្នាំ​ (៩ វិច្ចកា​ ១៩៥៣​-៩វិច្ចកា​ ២០១៥)​ ដ៏​វិសេស​វិសាល​ថ្ងៃ​នេះ​ យើង​ខ្ញុំ​ព្រះ​ករុណា​ សូម​ជូន​ពរ​ដល់​ថ្នាក់​ដឹក​នាំ​ មន្រ្តី​រាជ​ការ​ កង​កម្លាំង​ប្រ​ដាប់​អាវុធ​ ជួប​ប្រទះ​តែ​សេច​ក្តី​សុខ​ និង​ទទួល​នូវ​ពុទ្ឋ​ពរ​ទាំង​៤​ប្រការ​គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ និង​ពលៈ​ កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ​៕

ប្រភព៖ ទំព័រការិយាល័យសាលាខេត្តក្រចេះ

 

ចំនួនអ្នកទស្សនា

    20495347

  • ថ្ងៃនេះ3061
  • ម្សិលមិញ12561
  • សប្តាហ៍នេះ31011
  • ខែនេះ52891
  • ឆ្នាំនេះ52891
  • សរុប20495347