ភ្នំពេញ៖ កាកបាទក្រហមកម្ពុជាតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រលំបាក ជាពិសេសចំពោះចាស់ជរា ស្ដ្រីមេម៉ាយ និងក្មេងកំព្រា ដែលរស់នៅគ្មានទីពឹង។
នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ៧មករា បាននាំយកនូវអំណោយមកចែកជូនប្រជាពលរដ្ឋចាស់ជរាមានជីវភាពខ្វះខាត និង ជំងឺប្រចាំកាយ ចំនួន ០៣ គ្រួសារ នៅសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ពិធីនេះ ប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីលោក ចាន់ ពិសិដ្ឋ ចៅសង្កាត់អូរឫស្សី២ ក្រោមអធិបតីភាពលោកស្រី សក់ ចិន្តារី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ៧មករា តំណាងលោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហម កម្ពុជា ខណ្ឌ៧មករា។
អំណោយដែលបានយកមកធ្វើការចែកជូន ក្នុងនោះគ្រួសារនីមួយៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ៥កំប៉ុង ទឹកក្រូច ៥កំប៉ុង ទឹកដោះគោ ២កំប៉ុង តែ ២កញ្ចប់ ស្ករស ១គីឡូក្រាម ទឹកត្រី ២ដប ទឹកស៊ីអ៊ីវ ២ដប និងថវិកាចំនួន ១០០,០០០រៀលផងដែរ។
យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ អស់លោក លោកស្រី ដែលបាននាំយកអំណោយដ៏ថ្លៃថ្លាទាំងអស់នេះមកចែកជូនដល់យើងខ្ញុំ ដែលកំពុងជួបប្រទះនូវបញ្ហាខ្វះខាត់ រស់នៅគ្មានទីពឹង និងសូមជូនពរដល់អស់លោក លោកស្រីជួបតែសំណាងល្អ សុខភាពល្អគ្រប់ក្រុមគ្រួសារ៕
ប្រភព៖ ទំព័រសាលាខណ្ឌ៧មករា