ភ្នំពេញ៖ នៅល្ងាចថ្ងៃទី ១០ ខែវិចិ្ឆកា ឆ្នាំ២០១៥ សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌ៧មករា បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រចំនួន១០គ្រួសារ នៅក្នុងសង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ពិធីនេះ ធ្វើឡើងក្រោមការដឹកនាំរបស់ លោក យូ រដ្ឋា នាយករងរដ្ឋបាលខណ្ឌ៧មករា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌ៧មករា តំណាងលោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌ៧មករា។
ឆ្លៀតក្នុងឱកាសនេះ លោក យូ រដ្ឋា ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ មកចែកជូនគ្រួសារទាំង១០ ដែលកំពុងជួបប្រទះនឹងបញ្ហាជីវភាពផងដែរ។
អំណោយដែលបានពាំនាំមកធ្វើការចែកជូន ក្នុងនោះគ្រួសារនីមួយទទួលបានដូចជា៖ អង្ករចំនួន ២៥គីឡូក្រាម មីចំនួន ១កេស ត្រីខចំនួន ៥កំប៉ុង ទឹកដោះគោចំនួន ២កំប៉ុង ទឹកត្រីចំនួន ១ដប។
លោកនាយករងរដ្ឋបាលខណ្ឌ ក៏បានថ្លែងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបដោយក្តីរីករាយ និងពាំនាំការផ្តាំផ្ញើរនូវសេចក្តីនឹករលឹកពីលោក អភិបាលខណ្ឌ ក៏ដូចជាឯកឧត្តម សាយ សំអាល់ ដល់បងប្អូនប្រជាពលរដ្ឋ និងសូមអោយបងប្អូនមានការប្រុងប្រយ័ត្ន និងថែទាំសុខភាពអោយបានល្អ៕
ប្រភព៖ ទំព័រសាលាខណ្ឌ៧មករា