ឯកឧត្តម ប្រាជ្ញ ចន្ទ បើក​កិច្ចប្រជុំ​គម្រោង​សាងសង់​អគារ នៅ​ទី​រួម​ខេត្ត​ត្បូងឃ្មុំ​

11-November-2015 | ដោយ មួយឡា

​ត្បូងឃ្មុំ៖ កិច្ចប្រជុំ​គម្រោង​សាងសង់​អគារ នៅក្នុង​តំបន់​រដ្ឋបាលខេត្ត និង​ហេដ្ឋារចនាសម្ព័ន្ធ ជា​អា​ធិ​ភាព​នៃ​ប្លង់គោល អភិវឌ្ឍន៍​ទីប្រជុំជន នៃ​ទី​រួម​ខេត្ត​ត្បូងឃ្មុំ បាន​ប្រារព្ធ​ធ្វើ​នៅ​ចំការ​ព្រៃ​ម៉ៃសាក់ ស្ថិតនៅ​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម អភិបាលរង​ខេត្ត មន្ទីរជំនាញ​ជុំវិញ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

ឯកឧត្តម ហាក់ សុខ​មករា បានធ្វើ​របាយការណ៍ ស្ដីពី​វឌ្ឍនភាព​នៃ​ដំណើរការ​សាងសង់ សំណង់​អគារ​រដ្ឋបាល​សាលាខេត្ត មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អគារ​សាកល​វិ​ទ្យ​ល័យ ហេង សំរិន ត្បូងឃ្មុំ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ក្នុង​ទីប្រជុំជន ទី​រួម​ខេត្ត​ត្បូងឃ្មុំ បញ្ជាក់ថា ៖ ការងារ​សាងសង់​អគារ​សាលាខេត្ត​ត្បូងឃ្មុំ ទិន្នផល​សម្រេចបាន​ស​រុ​ប ៥៥% ការងារ​សាងសង់​អគារ​មន្ទីរ​នានា​ជុំវិញ​ខេត្ត ទិន្នផល​សរុប​បាន​៤៥% ការងារ​សាងសង់​អគារ​ស្នាក់នៅ​អភិបាលខេត្ត ទិន្នផល​សរុប​១៥% ការងារ​របង​ជុំវិញ​តំបន់​សាលាខេត្ត សម្រេចបាន​របង​ផ្នែក​ខាងជើង និង​កើត រីឯ​របង​ផ្នែ​ខាងលិច និង​ត្បូង (​មិនទាន់​ដំណើរការ​) និង​ការងារ​សាងសង់​អគារ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ទិន្នផល​សរុប ៧០% ផងដែរ​។

​ឆ្លៀតពេល​នោះដែរ ឯកឧត្តម ប្រាជ្ញ ចន្ទ បានលើកឡើង​ពី​បញ្ហា​ប្រឈម​នានា ដែល​ក្រុមការងារ​ខេត្ត បានបញ្ចប់​ការវាស់វែង​ស្រង់​ទិន្នន័យ​ដែល​ផលប៉ះពាល់ ដល់​ប្រជាពលរដ្ឋ​ដែលមាន​ក្បាលដី នៅក្នុង​តំបន់​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ទីប្រជុំជន​នៃ​ទី​រួម​ខេត្ត​ត្បូងឃ្មុំ និង​ផលប៉ះពាល់​ដែល​ក្រុមការងារ​ខេត្ត​និង​អន្តរក្រសួង បាន​ប្រជុំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ដែលមាន​ក្បាលដី​ប៉ះពាល់ នៅ​ទីតាំង​អាង​ប្រព្រឹត្តិកម្ម ទឹក​កខ្វក់​ដែល​បច្ចុប្បន្នកំពុង​រង់​ចាំ​ប្លង់​អាង​ប្រព្រឹត្តិកម្ម ដែល​កែសម្រួល និង​ដើម្បី​អនុវត្ត​បន្តទៀត​។​

​ឯកឧត្តម ប្រាជ្ញ ចន្ទ ផ្ដាំផ្ញើ​ដល់​អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ ជួយ​ជម្រុញ​ការងារ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ទីប្រជុំជន​នៃ​ទី​រួម​ខេត្ត​ត្បូងឃ្មុំ​នេះ ទៅមុខ​ឲ្យ​បាន​ឆាប់រហ័ស ដែលជា​ផលប្រយោជន៍​ប្រទេសជាតិ​ទាំងមូល​ផងដែរ​។​

​គូសបញ្ជាក់ថា ៖ ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​បាល នៃ​ទី​រួម​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​អគារ​រដ្ឋបាល និង​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង នៃ​ទី​រួម​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៥ ហើយ​ដែល​គ្រោង​និង​បញ្ចប់​ការសាងសង់ នៅ​ឆ្នាំ​២០១៨ ខាងមុខនេះ​ផងដែរ​៕

​ប្រភព​៖ ទំព័រ​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​

ចំនួនអ្នកទស្សនា

    20499507

  • ថ្ងៃនេះ7221
  • ម្សិលមិញ12561
  • សប្តាហ៍នេះ35171
  • ខែនេះ57051
  • ឆ្នាំនេះ57051
  • សរុប20499507