កម្ពុជា​ពង្រឹង​សន្តិសុខ​ក្រោយ​អំពើ​ភេរវកម្ម​និង ជា​ម្ចាស់ផ្ទះ​ការប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក​

18-November-2015 | ដោយ ពល រាជសី

​ភ្នំពេញ ៖ អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​បញ្ជា​ឲ្យ​កងកម្លាំង​នគរបាល​នៅតាម​រាជធានី​-​ខេត្ត ពង្រឹង​ការការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍ អ្នកវិនិយោគ និង​បណ្ដា​ស្ថានទូត​នានា ដែលមាន​ទីតាំង​នៅក្នុង​ប្រទេស​កម្ពុជា ក្រោយ​ពេលដែល​កើតមាន​អំពើ​ភេរវកម្ម​ស្លាប់​មនុស្ស​រាប់រយ​នាក់ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពីពេល​ថ្មីៗ​នេះ​។​

​ថ្លែង​នៅក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​ដំឡើង​ឋានន្តរសក្តិ​ជូន​នាយ​នគរបាល​ជាន់ខ្ពស់ នា​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ កងកម្លាំង​នគរបាល​ត្រូវបាន​ពង្រាយ ដើម្បី​រក្សា​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដាល​ខេត្ត ក្រោយពី​កើតមាន​អំពើ​ភេរវកម្ម​ពិភពលោក ជាពិសេស​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​មានប្រសាសន៍​ទៀតថា ការពង្រឹង និង​រក្សា​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​នាពេលនេះ ក៏​ចំ​ពេលដែល​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក​ជាមួយនិង​ប្រទេស​ជប៉ុន ។ ម្យ៉ាងវិញទៀត​ហើយ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​ទៀត នឹង​មានការ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​។ ជាពិសេស​ទៅទៀត កម្ពុជា​នឹង​ទទួល​ដំណើរ​បំពេញ​ទស្សនៈកិច្ច​ជា​ផ្លូវការ​របស់ ឯកឧត្តម​នាយករដ្ឋមន្ត្រី​រុស្សី ទាំង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ដែល​នេះ​ចាត់ទុកថា​ជា​លើកទីមួយ​ដែល ឯកឧត្តម​នាយករដ្ឋមន្ត្រី អញ្ជើញ​មក ហើយ​នេះ​ក៏​ជា​បញ្ហា​មួយ​ដែល​កងកម្លាំង​ត្រូវ​ប្រមូលផ្តុំ​ចំណុច​ខ្ពស់​ដើម្បី​ធ្វើ​កិច្ចការងារ​ការពារ ៕​

ចំនួនអ្នកទស្សនា

    20498917

  • ថ្ងៃនេះ6631
  • ម្សិលមិញ12561
  • សប្តាហ៍នេះ34581
  • ខែនេះ56461
  • ឆ្នាំនេះ56461
  • សរុប20498917