ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ សាលាខណ្ឌព្រែកព្នៅ បាន រៀបចំពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន ០២ខ្សែ មានប្រវែង ៧៩៦ម៉ែត្រ ស្ថិតនៅភូមិសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ពិធីបើកការដ្ឋាននេះ ប្រារព្ធធ្វើឡើងដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់មន្ត្រីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្រោមអធិបតីភាព លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ។
សូមបញ្ជក់ផងដែរថា ផ្លូវបេតុងដែលបានធ្វើពិធីបើកការដ្ឋាននាពេលនេះ គឺជាថវិកាផ្ទាល់របស់មូលនិធិអភិវឌ្ឍន៍របស់ខណ្ឌ ដែលត្រូវបានចំណាយអស់ទឹកប្រាក់ចំនួន ៧៤៥,១៤៧,០០០រៀល ។
ឆ្លៀតក្នុងឱកាសនេះ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានថ្លែងឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាការពារទ្រព្យសម្បត្តិសាធារណៈ ឲ្យបានគង់វង្សយូរអង្វែង ដើម្បីទុកបម្រើប្រយោជន៍ដល់យើងគ្រប់គ្នា៕
ប្រភព៖ ទំព័រសាលាខណ្ឌព្រែកព្នៅ