ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ៧មករា នៅល្ងាចថ្ងៃទី ១៨ ខែវិចិ្ឆកា ឆ្នាំ២០១៥ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រចំនួន ៥គ្រួសារនៅក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ពិធីនេះប្រារព្ធធ្វើឡើងដោយមានការដឹកនាំពី លោក យូ រដ្ឋា នាយករងរដ្ឋបាលខណ្ឌ៧មករានិងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌ៧មករា តំណាងលោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌ៧មករា។
ឆ្លៀតក្នុងឱកាសនៃការជួបសំណេះសំណាលនេះដែរ លោក យូ រដ្ឋា ក៏បាននាំយកនូវអំណោយរបស់ ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដែលឯកឧត្តមតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបប្រទះនូវការលំបាកផ្នែកជីវភាព។
ក្នុងនោះដែរ ចំពោះអំណោយដែលបានពាំនាំមកធ្វើការចែកជូនគ្រួសារនីមួយៗទាំង៥នេះ រួមមាន៖ អង្ករចំនួន ២៥គីឡូក្រាម មីចំនួន ១កេស ត្រីខចំនួន ៥កំប៉ុង ទឹកដោះគោចំនួន ២កំប៉ុង និងទឹកត្រីចំនួន ១ដបផងដែរ។
ថ្លែងក្នុងឱកាសនេះ លោកនាយករងរដ្ឋបាលខណ្ឌ៧មករា មានមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋយ៉ាងមានភាពស្និតស្នាល កក់ក្ដៅ ក្រៃលែង។ ទាំងនេះគឺជាការបង្ហាញនូវទំនាក់ទំនងដ៏ល្អមួយរវាងប្រជាពលរដ្ឋនិងថ្នាក់ដឹកនាំ៕
ប្រភព៖ ទំព័រសាលាខណ្ឌ៧មករា