បន្ទាយមានជ័យ៖ នៅសាលាស្រុកព្រះនេត្រព្រះ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ មានការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ស្ថិតក្នុងភូមិជប់ ភូមិរោលជ្រូក និងភូមិប្រាសាទ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសូងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ឯកឧត្តម គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម Solomon kebebe អគ្គនាយកភ្នាក់ងារសហព័ន្ធចុះបញ្ជីដីទីក្រុង មកពីប្រទេសអេត្យូពី និងមានកាចូលរួមពី លោកប្រធានមន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋក្នុងស្រុកព្រះនេត្រព្រះ ជាច្រើននាក់ទៀត។
ដោយឡែកសម្រាប់ ទិន្នន័យក្បាលដីដែលត្រូវបិតផ្សាយនាពេលនេះមាន សរុបចំនួន ១៩៣៥ក្បាលដី ស្ថិតនៅក្នុងភូមិជប់ ភូមិរោលជ្រូក និងភូមិប្រាសាទ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ។
ទិន្នន័យទាំងអស់មានដូចជា៖ ១) ភូមិជប់ដែលមានក្បាលដីសរុបចំនួន៦៤២ក្បាលដី ២) ភូមិរោលជ្រូកដែលមានក្បាលដីសរុបចំនួន៥៧៥ក្បាលដី និង ៣) ភូមិប្រាសាទដែលមានក្បាលដីសរុបចំនួន៧២៨ក្បាលដី ។
ចំពោះការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដែលមានរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ គឺរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក ។
រយៈពេល៣០ថ្ងៃនេះជាពេលវេលាកំណត់ចុងក្រោយសម្រាប់អ្នកកាន់កាប់ដី និងអង្គភាពពាក់ព័ន្ធទាំងអស់ ពិនិត្យទិន្នន័យ ដើម្បីបញ្ជាក់ថា ទិន្នន័យក្បាលដី របស់លោក-លោកស្រីពិតជាត្រឹមត្រូវ ឬអត់។
ប្រសិនបើមានកំហុសឆ្គង ដោយប្រកាណាមួយដូចជា ខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាយុ ភេទ ទំហំដី និងប្រភេទទ្រព្យជាដើមនោះ ម្ចាស់ដីត្រូវធ្វើការស្នើសុំកែតម្រូវក្នុងកំឡុងពេល៣០ថ្ងៃនេះ។
សូមបញ្ជាក់ថា ក្រោយពីការបិទផ្សាយនេះ ចប់ជាស្ថាពរអ្នកកាន់កាប់ដីនិងអង្គភាពពាក់ព័ន្ធទាំងអស់ មិនអាចតវ៉ាបានឡើយ៕
ប្រភព៖ ទំព័រមន្ទីរទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តបន្ទាយមានជ័យ