ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅសាលាខេត្តត្បូងឃ្មុំ ឯកឧត្ដម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី យ៉ង់ចា ជុន អភិបាលនៃក្រុម Lions Club International District 355-B3 នៃសាធារណៈរដ្ឋកូរ៉េ បានអញ្ជើញជាគណៈអធិបតី និងជាសាក្សីក្នុងពិធី ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពី ការបង្កើតទំនាក់ទំនងសម្ព័ន្ធមេត្រីភាពអន្តរជាតិ ដែលនឹងចុះហត្ថលេខាដោយឯកឧត្ដម ប្រាជ្ញ ចន្ទ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី យ៉ង់ចា ជុន អភិបាលនៃក្រុម Lions Club International District 355-B3 នៃសាធារណៈរដ្ឋកូរ៉េ ។
ក្នុងពិធីនោះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្ដម អភិបាលរងខេត្ត លោក អភិបាលស្រុក និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។
អនុស្សារណៈនេះមានបំណងបង្កើន គោលការណ៍ទូទៅសម្រាប់កិច្ចសហប្រតិបត្តិការ ដែលភាគី ទាំងពីរបានរួមគ្នាកំណត់នូវផែនការអនុវត្តសកម្មភាពសហប្រតិបត្តិការ ដោយផ្អែកលើមូលដ្ឋានរបស់ភាគីទាំងសងខាង ។
ផែនការមូលដ្ឋានទាំងនេះ ស្របតាមសកម្មភាពសំខាន់ៗដូចជា៖ ដើម្បីពង្រឹងការយោគយល់គ្នាទៅវិញទៅមក និងមិត្តភាពរវាង Lions Club International District 355-B3 និងខេត្តត្បូងឃ្មុំ នៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីពង្រីកការយល់ដឹងអំពីវប្បធម៌រវាងប្រទេសទាំងពីរ និងដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសន្តិភាពពិភពលោក ក្រោមគោលការណ៍កិច្ចសហប្រតិបត្តិការ និងដើម្បីសហកាក្នុងអនុវត្តកម្មវិធីផ្លាស់ប្ដូរយុវជនទៅវិញទៅមក ៕
ប្រភព៖ ទំព័ររដ្ឋបាលខេត្តត្បូងឃ្មុំ