ភ្នំពេញ៖ នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ ក្នុងវត្តនិរោធរង្សី បានប្រារព្ធពិធីចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខយុវជនក្មេងវត្ត ចំនួន១១៩នាក់ដែលកំពុងស្នាក់នៅក្នុងវត្តចំនួន៤ និងកំពុងស្នាក់អាស្រ័យ រៀនសូត្រជាមួយព្រះសង្ឃ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ។
ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពី យុវជនក្មេងវត្ត ចំនួន ១១៩នាក់ លោក ជូ ម៉េងចាន់ លោក អាន ជាលី អគ្គលេខាធិការរងនិងថ្នាក់ដឹកនាំទាំងអស់ នៃសមាគម ក្រោមអធិបតីភាព លោក ប៊ិន ស៊ីនាថ អនុប្រធានសមាគមក្មេងវត្ត តំណាងឯកឧត្តមបណ្ឌិត សេង សុវណ្ណារ៉ា ។
ក្នុងឱកាសនោះ លោក ប៊ិន ស៊ីនាថ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សេង សុវណ្ណារ៉ា បានផ្តាំផ្ញើដល់សិស្ស និស្សិតអោយខិតខំរៀនសូត្រ គោរព ព្រះសង្ឃចាស់ព្រឹទ្ធាចារ្យ និងគោរពច្បាប់រដ្ឋ គោរពវិន័យក្នុងវត្ត និងធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ យុវជនល្អនឹងក្មេងវត្តល្អសំរាប់សង្គមជាតិ ហើយ លោកបញ្ជក់ថាយុវជនដែលមានឆន្ទៈពិតប្រាកដចំពោះជាតិគឺល្អប្រពៃណាស់។ ទន្ទឹមនេះយុវជនត្រូវតែចេះស្រឡាញ់រាប់អាន និងជួយយកអាសារគ្នាទៅវិញទៅមក ប្រកបដោយអត្តចរិកថ្លៃថ្នូរសុភាពរាបសារ ប្រព្រឹត្តអំពើសុចរិតទៀងត្រង់ និង មានការទទួលខុសត្រូវខ្ពស់។
ទាំងយុវជនគាំទ្រគណបក្សប្រជាជន និង បក្សប្រឆាំងគឺសុទ្ឋតែជាយុវជនខ្មែរតែមួយ មិនត្រូវស្អប់គំគួនគ្នាដោយជំនឿនយោបាយ ឬ ដោយសារការលាបពណ៌និង ញុះញង់ពីបក្សប្រឆាំងឡើយ។ លោក ក៏បានបញ្ជក់បន្ថែមទៀតថា សម្តេចតេជោ ហ៊ុន សែន គឺជាវីរៈភាពដឹកនាំប្រទេសដ៏គំរូ ដែលតែងតែស្រឡាញ់យុវជនគ្រប់គ្នា ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ។
យើងរួបរួមគ្នានៅជុំវិញ សម្តេចតេជោ ដើម្បីកសាងអភិវឌ្ឍន៍កម្ពុជាអោយកាន់តែរីកចម្រើនរុងរឿងថ្កើងថ្កានទៅមុខជារៀងរហូត។
លើសពីនេះទៅទៀត លោក ប៊ិន ស៊ីនាថ ក៏បានចែករំលែកបទពិសោធន៍ និងណែនាំដល់សិស្សនិស្សិតដែលបានចូលរួមថា៖ រូបលោកផ្ទាល់ជាអតីតនិស្សិតរស់នៅក្នុងវត្តប្រាស្រ័យជាមួយព្រះសង្ឃ ដើម្បីសិក្សារៀនសូត្រដែលមានការណែនាំពីបងៗជានិស្សិតជំនាន់មុន ធ្វើឲ្យរូបលោកទទួលបានជោគជ័យក្នុងការសិក្សា និងមានការងារល្អជាបន្ដបន្ទាប់ ដូចនេះប្អូនៗត្រូវចាប់យកមុខជំនាញបច្ចេកទេសណាមួយសិក្សាឲ្យចេះច្បាស់លាស់ ដើម្បីទទួលបានការងារល្អនឹងអាចទទួលបានការងារទាំងវិស័យឯកជន និងរដ្ឋ ដែលជាការជួយអភិវឌ្ឍន៍ខ្លួនឯង ក្រុមគ្រួសារ និងរួមចំណែកកសាងប្រទេសជាតិផង។
លើសពីការជួបសាកសួរសុខទុក្ខនិងសំណេះសំណាលប្រកបដោយភាពកក់ក្ដៅបំផុតនោះ លោក ក៏បានថ្លែងអំណរគុណដល់ព្រះសង្ឃដែលផ្ដល់ទីកន្លែងសម្រាប់ការជួបជុំគ្នា និងបានប្រគេនបច្ច័យដល់ព្រះសង្ឃ ហើយចែកអង្ករមួយចំនួនដល់សិស្សនិស្សិតក្រីក្រចំនួន ១១៩នាក់ផងដែរ៕