ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ ឆ្នាំ២០១៥ ដើម្បីដោះស្រាយនូវរាល់សំណើ សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
វេទិការនេះរៀបចំឡើងនៅក្នុងបរិវេណ វត្តសុវណ្ណធម្មរាជ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាព ឯកឧត្តម រស់ សុផាន់ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង ឯកឧត្តម ជួប ឃុន សមាជិកក្រុមប្រឹក្សារាជធានី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងជំទាវ ម៉ក់ វណ្ណស៊ីថា អភិបាលរងរាជធានី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។
ក្នុងឱកាសនេះដែរ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម សមាជិក សមាជិកាក្រុមប្រឹក្សារាជធានី និង លោក អភិបាលខណ្ឌព្រែកព្នៅ លោកប្រធានក្រុមប្រឹក្សាខណ្ឌ លោក-លោកស្រីអភិបាលរងខណ្ឌ លោកស្នងការរងរាជធានី លោកមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី លោក-លោកស្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញរាជធានី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ ការិយាល័យចំណុះជំនាញជុំវិញខណ្ឌ មន្ត្រីពាក់ព័ន្ឋ និងប្រជាពលរដ្ឋចូលរួម យ៉ាងច្រើនកុះករសរុបប្រមាណជាង ៦០០នាក់ផងដែរ ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម រស់ សុផាន់ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានមានមតិសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្ដៅជាទីបំផុត ឯកឧត្តម ក៏បានថ្លែងជូនពរដល់បងប្អូនទាំងអស់ឲ្យជួបប្រទះតែសេចក្តីសុខ សុភមង្គលគ្រប់ក្រុមគ្រួសារផងដែរ៕
ប្រភព៖ ទំព័រសាលាខណ្ឌព្រែកព្នៅ