ភ្នំពេញ៖ ទោះជាជាប់រវល់កិច្ចការប្រទេសជាតិប៉ុណ្ណាក៏ដោយ ក៏ថ្នាក់ដឹកនាំមិនដែលមើលរំលង់នូវសុខទុក្ខរបស់ប្រជាពលរដ្ឋ មិនថានៅតាមបណ្ដាខេត្តនានា ឬក៏នៅតាមរាជធានីឡើយ គឺលោក តែងតែឆ្លៀតពេលវេលាដល់មម៉ាញឹក មកជួបសំណេះសំណាលនិងសាកសួរសុខទុក្ខប្រជាពលរដ្ឋដែរ។
ជាក់ស្ដែងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកពិនិត្យ និងព្យាបាលជម្ងឺ ជូនដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ប្រមាណជាង១៥០០នាក់ ដោយឥតគិតថ្លៃ នៅក្នុងបរិវេណវត្តសំបួរមាស ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ការចុះមកពិនិត្យ និងព្យាបាលជម្ងឺ ជូនដល់ប្រជាពលរដ្ឋនេះ គឺពិនិត្យ និងព្យាបាលជម្ងឺដូចជា ជម្ងឺទូទៅ រោគស្ត្រី និងកុមារ ពិនិត្យផ្ទៃពោះ ជម្ងឺមាត់ធ្មេញ និងផ្តល់ថ្នាំជូនដោយឥតគិតថ្លៃ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត ក៏បានចែកជូនដល់ប្អូនៗកុមារតូចៗ នូវសៀវភៅសិក្សា និងថវិកាមួយចំនួនផងដែរ។
បន្ទាប់ពីមានមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋពោរពេញទៅដោយស្នាមញញឹម និងប្រកបដោយភាពកក់ ស្និទ្ធស្នាលជាទីបំផុតរួចមកហើយនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានជូនពរដល់បងប្អូនទាំងអស់ជួបតែសុខភាពល្អ មានសុភមង្គលគ្រប់ក្រុមគ្រួសារ៕
ប្រភព៖ ទំព័រគណបក្សប្រជាជនខណ្ឌដង្កោរ