ភ្នំពេញ៖ លោក ឯក ឃុន ដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកបានសម្ដែងនូវការប្តេជ្ញាចិត្តថានឹងបង្គ្រាបគ្រឿងញៀននៅមុខមន្ទីរពេទ្យព្រះកុសមៈ (ហៅមន្ទីរពេទ្យលោកសង្ឃ) និងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីកាត់បន្ថយបទល្មើសផ្សេងៗ ដោយហេតុថាគ្រឿងញៀន និងល្បែងស៊ីសងនេះហើយ ដែលបង្កបង្កើតឲ្យមានបទល្មើស លួច ឆក់ ប្លន់ និងអំពើហឹង្សាផ្សេងៗទៀត។
លោកអភិបាលខណ្ឌ បានសម្ដែងនូវការប្តេជ្ញាចិត្តនេះឡើងកាលពីរសៀលថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៥ នៅសាលាខណ្ឌទួលគោក ក្នុងខណៈដែលលោកអភិបាល អភិបាលរងនិងកងកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកធ្វើពីធីកំទេចហ្គេមចំនួន ៣៤ទូ ក្រោមពីបានបង្គ្រាបនិងដកហូតបានក្នុងពេលថ្មីៗនេះ ។ ទូហ្គេមដែលត្រូវកំទេចចោលទាំងនេះរួមមាន ទូហ្គេមប្រភេទត្រី១២ទូ និងទូហ្គេមបៀ សេះចំនួន២២ទូ ។
លោកបន្ដទៀតថា ជាទិសដៅរបស់សាលាខណ្ឌទួលគោក ត្រូវតែបង្គ្រាបស្រីពេស្សា គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទឲ្យអស់ពីក្នុងមូលដ្ឋាន មិនថាល្បែងហ្គេមត្រី សេះ បៀ ឡើយ ពោលគឺឲ្យតែជាប្រភេទល្បែងស៊ីសងត្រូវតែបង្គ្រាបតែម្ដង។ លោកបន្ដទៀតថា យើងមានគោលដៅពីរក្នុងការបំបាត់ល្បែងស៊ីសងទាំងនេះ ទី១ យើងត្រូវកោះអញ្ជើញ ឬប្រាប់ដោយផ្ទាល់ ដើម្បីឲ្យពួកគាត់បិទហ្គេមបើកល្បែងស៊ីសងទាំងនេះ។ ទី២ បើនៅតែមិនស្ដាប់តាមទេ ក្នុងនាមអាជ្ញាធរខណ្ឌនិងសហការជាមួយស្ថាប័នតុលាការចុះបង្គ្រាបជាក់ស្ដែង ហើយវត្ថុតាងទាំងនោះ យើងនឹងយកមកកំទេចចោលដូចក្នុងរូបភាពពេលនេះ ។
លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ក៏បានលើកជាបញ្ហាប្រឈមផងដែរ ដូចជាស្រីពេស្សា គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទភាគច្រើនពួកគេលួចបើកលេងនៅពេលយប់ នៅក្នុងទីតាំងសប្បាយភាពមួយចំនួន ប៉ុន្ដែទោះបីជាយ៉ាងណាក្ដីយើងនឹងរួមគ្នាជាមួយស្ថាប័នតុលាការចុះធ្វើការបង្គ្រាបឲ្យខានតែបាន។ ក្រៅពីស្រីពេស្សា និងល្បែងស៊ីសងគ្រប់ប្រភេទ បញ្ហាគ្រឿងញៀនក៏ជាបញ្ហាដែលយើងត្រូវតែរួមគ្នាដើម្បីធ្វើការបង្គ្រាបឲ្យបានក្ដៅគគុកផងដែរ ដោយហេតុថា បទល្មើសធំៗភាគច្រើនគឺផ្ដើមចេញពីស្រីពេស្សា និងល្បែងស៊ីសងគ្រប់ប្រភេទ និងបញ្ហាគ្រឿងញៀននេះឯង ។
លោក ឯក ឃុនដឿន បានបន្ដទៀតថា ចំពោះទូហ្គេមប្រភេទស៊ីសងដូចខាងលើនេះ នៅសប្ដាហ៍ក្រោយក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌទួលគោក និងធ្វើការកំទេចចោលម្ដងទៀត ដោយទូហ្គេមដែលយើងបង្ក្រាបបានប្រមាណជាង ៣០ទូទៀតកំពុងតែរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកមិនទាន់បានកំទេចចោលនៅឡើយ។
ចំពោះមុខនៃការប្ដេជ្ញាចិត្តខាងលើនេះ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ក៏បានសុំឲ្យប្រជាពលរដ្ឋនិងសមត្ថកិច្ចពាក់ព័ន្ធចូលរួមសហការជាមួយអាជ្ញាធរខណ្ឌ ដើម្បីធ្វើយ៉ាងណាលុបបំបាត់ ស្រីពេស្សា គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋានខណ្ឌទួលគោក៕