ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ នៅសាលាសង្កាត់ជ្រោយចង្វារ មានប្រជាពលរដ្ឋប្រមាណ៥០នាក់បាននាំគ្នាមកតវ៉ាពាក់ព័ន្ធការដកតំណែង លោក ជេត ស៊ុបព្រី ហៅចាន់ ជនជាតិខ្មែរឥស្លាម ជាមេភូមិទី១ដោយការដកតំណែងនេះពុំមានមូលហេតុច្បាស់លាស់។
យោងតាមការបកស្រាយរបស់មន្ត្រីសង្កាត់មួយរូបដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ករណីក្រុមប្រឹក្សាសង្កាត់ដកលោក ជេត ស៊ុបព្រី ចេញពីមេភូមិមានមូលហេតុ គឺលោកមេភូមិរូបនេះកាន់តំណែង៧ឆ្នាំជាងហើយ សាលាសង្កាត់ក៏បានទទួលការរិះគន់ពីអ្នកភូមិ ភាគច្រើនណាស់ ដូចជាការពាក់ព័ន្ធរឿងពុករលួយ បំរើការងារមិនបានដិតដល់ ពេលប្រជាពលរដ្ឋមករកសេវារដ្ឋបាលដូចជាធ្វើលិខិតស្នាមម្ដងៗ បង្គាប់ទារលុយ ធ្វើអោយប្រជាពលរដ្ឋជួបការលំបាក។
មន្ត្រីសង្កាត់រូបនោះក៏បានបញ្ជាក់បន្ថែមទៀតថា ការសំរេចដកតំណែងនេះគឺមានការប្រជុំសម្រេចពីក្រុមប្រឹក្សាសង្កាត់ដោយសម្លេងគាំទ្រំមតិភាគច្រើនស្របតាមសារាចរណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ ស្ដីពីការបោះឆ្នោតជ្រើសរើសនិងការផ្លាស់ប្ដូរមេភូមិ មិនមែនចៅសង្កាត់សម្រេចតែឯកឯងនោះឡើយ។
តែទោះជាមានការបកស្រាយយ៉ាងណាក៏ពួកគាត់នៅតែបន្តស្រែកដោយកាន់រូបថតរបស់ សម្ដេច ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បីស្នើសុំឲ្យក្រុមប្រឹក្សាសង្កាត់ប្រគល់តំណែងមេភូមិទី១នេះជូនលោក ជេត ស៊ុបព្រី វិញ បើមិនដូច្នោះទេពួកគាត់នឹងស្នើសុំការអន្តរាគមន៍ពីលោកអភិបាលខណ្ឌបន្តទៀត៕