កំពង់ចាម៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ លោក ផេន សុផល អភិបាលនៃគណៈអភិបាលស្រុកកោះសូទិន បានបើកកិច្ចប្រជុំស្ដីពីការបង្ការទប់ស្កាត់ករណីពុលស្រា ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រីជាមន្ត្រីការិយាល័យ ជុំវិញសាលាស្រុក អធិការនគរបាល អាវុធហត្ថ បញ្ជាការសឹករងស្រុក លោកមេឃុំ នាយប៉ុស្តិ៍ ប្រធានមណ្ឌលសុខភាពគ្រប់ឃុំ និងអាជីវករអ្នកបិតស្រា សរុបអ្នកចូលរួមប្រមាណជាង៦០នាក់ ។
លោកអភិបាលស្រុកបានមានមតិថ្លែងទៅកាន់អង្គប្រជុំ ដោយយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ចំនួនអ្នករងគ្រោះដោយសារពុលស្រាមានរហូតដល់ជាង ១៤០នាក់ ហើយអ្នកស្លាប់មានជាង៤០នាក់ រួមទាំងអ្នកពុលសាច់ឆ្កែផង ដែលកើតមានឡើងនៅខេត្តក្រចេះកាលពីពេលថ្មីៗនេះ។ ក្នុងករណីនេះ ធ្វើឲ្យឈានដល់ការចាប់ខ្លួនអ្នកបិតស្រាយកទៅដាក់គុកទៀតផង តែបច្ចុប្បន្នក្រសួងបានចេញសេចក្ដីប្រកាសផ្អាកអាជីវកម្មបិតស្រាទូទាំងខេត្តក្រចេះមួយរយៈ រង់ចាំការស្រាវជ្រាវរកមូលហេតុបន្ដ។
បន្ទាប់មកលោកអភិបាលស្រុកបានសំណូមពរដល់ម្ចាស់អាជីករបិតស្រាទាំងអស់ ដើម្បីបង្ការការពុលស្រា សូមរក្សារនូវអនាម័យ កុំលាយសារធាតុពុល (អង់ឌ្រីន) គួរផលិតតាមវិធីក្បួនខ្នាតធម្មជាតិ ។ លោកក៏បានស្នើអាជ្ញាធរឃុំ មានមេឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល មណ្ឌលសុខភាព ត្រូវសហការចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមបណ្ដាភូមិឲ្យគាត់កាត់បន្ថយការពិសារស្រាស ហូបសាច់សត្វដែលពុលថ្នាំ ដូចជាឆ្កែជាដើម ជៀសវាងការពុលនិងមានគ្រោះថ្នាក់ដល់អាយុជីវិត ។
ចំពោះអាជីវករ ដែលបិតស្រាឬទទួលយកមកលក់បន្តគួរផ្អាកការលក់ បណ្ដោះអាសន្នឬ ឈប់លក់ក៏បាន ដោយយើងពុំដឹងពីមូលហេតុច្បាស់លាស់ ហើយបើកើតមានករណីពុលស្រានៅតៀមកន្លែងបិតស្រាណាមួយ ម្ចាស់តៀមអ្នកបិតត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
ជាចុងបញ្ចប់លោកអភិបាល ក៏បានថ្លែងអំណរគុណចំពោះសមាជិកសមាជិកា ពិសេស បងប្អូនអាជីវករដែលបានចំណាយពេលចូលរួមអង្គប្រជុំថ្ងៃនេះ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់៕