ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យដំណើរការសាងសង់ស្ថានីយបូមទឹក បឹងត្របែកថ្មី ស្របពេលដែលការដ្ឋាននេះកំពុងដំណើរការយ៉ាងមមាញឹកនោះ។
មន្ត្រីសាលារាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានអញ្ជើញចុះពិនិត្យដំណើរការ សាងសង់ស្ថានីយបូមទឹកបឹងត្របែកថ្មី ហើយនៅខណៈនេះសកម្មភាពការដ្ឋានបានដំណើរការមួយចំនួនហើយ ក្នុងនោះរួមមានបានខួងដីធ្វើតេស្តស្រទាប់ដី។ កាយកំណកភក់ ក្នុងពោះប្រឡាយ ដែលមានជម្រៅភក់ ៤មទៅ៥ម, ចាក់ដីសម្រួលទីតាំងស្ថានីយ, សាងសង់ព័ទ្ធរបងការដ្ឋាន និងសាងសង់ Site office ជាដើម។
គួរបញ្ជាក់ផងដែរថា ការសម្រេច បើកការដ្ឋានស្ថាបនាស្ថានីយបូមទឹកបឹងត្របែកថ្មី នេះធ្វើឡើងក្រោយពីទទួលបានគោលការណ៍ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបសាលារាជធានីភ្នំពេញ ដំណើរការសាងសង់តែម្តង។ ស្ថានីយបូមទឹកបឹងត្របែកថ្មី នេះនឹងបំពាក់ម៉ូទ័របូមទឹកសរុប ១១គ្រឿង ក្នុងនោះ ម៉ូទ័រទំហំ ១ម៉ែត្រចំនួន៥គ្រឿង និងទំហំ ០,៨ម៉ែត្រ ចំនួន ៦គ្រឿង ដែលមានសមត្ថភាពបូមទឹកសរុប ៨៤,០០០ម៉ែត្រគូបក្នុង១ម៉ោង ស្មើនឹង ២៣,៣ម៉ែត្រត្រគូបក្នុង១វិនាទី។
ស្ថានីយបូមទឹកថ្មី នឹងដោះស្រាយបញ្ហាទឹកលិចនៅតំបន់ភូមិសាស្ត្រខណ្ឌចំការមន ៧មករា និងដូនពេញ៕
ប្រភព៖ http://kampucheathmey.com