ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ មានបើកកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អណត្តិទី២ ដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងនានានៃកិច្ចប្រជុំសាមញ្ញលើកទី១៨ នៅសាលប្រជុំសាលាខណ្ឌព្រែកព្នៅ ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ក្នុងឱកាសនេះ មានការអញ្ជើញចូលរួមដោយ លោក-លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ លោកនាយក លោក-លោកស្រី ប្រធាន-អនុប្រធានការិយាល័យចំណុះជំនាញជុំវិញខណ្ឌ លោក-លោកស្រី ចៅសង្កាត់ទាំង៥ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងមន្ត្រីសាលាខណ្ឌសរុប ៥៥នាក់ ក្រោមអធិបតីភាពលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌ និងលោក-លោកស្រីអភិបាលរងខណ្ឌ។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមរបៀបវារៈដូចជា៖ ១- ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៨ អណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ។ ២- ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០១៥ របស់រដ្ឋបាលខណ្ឌព្រែកព្នៅ ។ ៣- ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំ ឆ្នាំ២០១៥ របស់រដ្ឋបាលខណ្ឌព្រែកព្នៅ ។ ៤-ពិនិត្យ និងអនុម័តតែងតាំង លោក ទុយ សុធា និងលោក ម៉ក់ ចាន់តារ៉ា ជាអនុប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌព្រែកព្នៅ និងលោក ខាំ ចាន់ភូរ៉ា ជាអនុប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុខណ្ឌព្រែកព្នៅ ព្រមទាំងបញ្ហាផ្សេងៗមួយចំនួនទៀត ៕