ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ លោក នុត ពុធដារ៉ា ប្រធានគណៈកម្មាធិការបក្សខណ្ឌដង្កោ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយនិងណែនាំនូវការងារសំខាន់ៗមួយចំនួន ដល់គណៈកម្មាធិការបក្សមូលដ្ឋានសង្កាត់គងនយ ខណ្ឌដង្កោរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកលោកស្រីជាគណៈកម្មាធិការបក្សមូលដ្ឋានសង្កាត់និងសាខាបក្សភូមិសរុបចំនួន១៨នាក់។
លោក នុត ពុធដារ៉ា ប្រធានគណៈកម្មាធិការបក្សខណ្ឌបានមានមតិសំណេះសំណាលដល់សមាជិកសមាជិកានិងបានលើកឡើងអំពីកិច្ចការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ លោកក៏បានលើកឡើងថា រាជរដ្ឋាភិបាលបានធ្វើការកែទំរង់នូវនយោបាយស៊ីជំរៅ និងដាក់ទោសចំពោះមន្ត្រីនិងក្រសួង ស្ថាប័ន ដែលអនុវត្តន៍ផ្ទុយពីការណែនាំរបស់រាជរដ្ឋាភិបាល ធ្វើឲ្យមានការថ្នាំងថ្នាក់ជាមួយប្រជាពលរដ្ឋ ។
ដូចនេះក្នុងនាមប្រធានគណបក្សខណ្ឌស្នើដល់សមាជិកបក្សសង្កាត់និងសាខាភូមិ ខិតខំធ្វើតែអំពើល្អ ព្រោះថាលោក លោកស្រីជាមន្ត្រីនៅផ្ទាល់នឹងប្រជាពលរដ្ឋ ហើយខិតខំពង្រឹងមេក្រុម សមាជិកកុំឲ្យបែកឆ្វេងចាញ់ការញុះញង់របស់បក្សប្រឆាំង ត្រូវមានផែនការចុះប្រជុំតាមភូមិ និងដោះស្រាយរាល់សំណូមពរជូនប្រជាពលរដ្ឋឲ្យបានទាន់ពេល ពោលគឺលើសេវាសាធារណៈលិខិតស្នាមផ្សេងៗ ដើម្បីការទាក់ទាញចិត្តនិងជំនឿមកលើបក្សប្រជាជន ព្រោះថាការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ឈានកាន់តែជិតមកដល់ហើយ ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា ប្រធានគណបក្សខណ្ឌ ក៏បានឧបត្ថម្ភដល់សមាជិកចូលរួម ១៨នាក់ ក្នុងម្នាក់ ៥០ ០០០រៀល ផងដែរ។
បន្ទាប់មកលោកប្រធានគណបក្សខណ្ឌ បានចុះសួរសុខទុក្ខលោក អ៊ឹម គិត សមាជិកក្រុមប្រឹក្សាសង្កាត់ ដែលមានជម្ងឺ ព្រមទាំងឧបត្ថម្ភថវិកា ១០០ ០០០រៀលសំរាប់គ្រួសារលោក អ៊ឹម គិត យកទៅដោះស្រាយនិងប្រើប្រាស់។
បន្ទាប់មក លោកប្រធានគណបក្សខណ្ឌ ក៏បានបន្តដំណើរចុះពិនិត្យមើលដីស្នាក់ការគណបក្សសង្កាត់គងនយ និងបានណែនាំដល់គណៈកម្មាធិការបក្សសង្កាត់ ឲ្យរៀបចំ ថែទាំ និងដាំដើមឈើផងដែរ ដើម្បីសោភ័ណភាពស្រស់ស្អាតនៅពេលដែលយើងមកជួបជុំ ឬប្រជុំការងារបក្សជាមួយក្រុមការងារថ្នាក់កណ្ដាល៕ ដោយ មែន កំសត់