ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ក្រុមប្រឹក្សាខណ្ឌដង្កោបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី២ ក្រោមអធិបតីភាព លោក ម៉ៃ ម៉ុន សមាជិកក្រុមប្រឹក្សាខណ្ឌ តំណាងលោក ប៉ឹល កុសល ប្រធានក្រុមប្រឹក្សាខណ្ឌនិងមានការចូលរួមពីលោក លោកស្រីជាសមាជិកក្រុមប្រឹក្សាខណ្ឌ លោក ចេង មុនីរ៉ា អភិបាលរងខណ្ឌ តំណាងលោក នុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌដង្កោចៅសង្កាត់ លោកលោកស្រីជាប្រធានការិយាល័យចំណុះសាលាខណ្ឌ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលាខណ្ឌដង្កោ។
កិច្ចប្រជុំធ្វើឡើងតាមរបៀបវារៈមួយចំនួនមានដូចជា៖ ពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី១៨ របស់ក្រុមប្រឹក្សាខណ្ឌ។ ពិនិត្យ និងពិភាក្សាលើរបាយការណ៍សកម្មភាពប្រចាំខែធ្នូ របស់រដ្ឋបាលខណ្ឌ។ ពិនិត្យ និងអនុម័តលើរបាយការណ៍ប្រចាំឆ្នាំ២០១៥ ព្រមទាំងបញ្ហាផ្សេងៗមួយចំនួនទៀត។ អង្គប្រជុំបានដំណើការប្រព្រឹត្តទៅតាមរបៀបវារៈដែលបានគ្រោងទុក ។
ឆ្លៀតក្នុងឱកាសនោះលោក ម៉ៃ ម៉ុន សមាជិកក្រុមប្រឹក្សាខណ្ឌតំណាងលោក ប៉ឹល កុសល ប្រធានក្រុមប្រឹក្សាខណ្ឌបានមានមតិកោតសរសើរចំពោះអស់លោក លោកស្រីជាអជ្ញាធរសមត្ថកិច្ចនិងមន្ត្រីរាជការ ក្នុងក្របខណ្ឌដង្កោទាំងអស់ដែលបានអនុវត្តន៍តួនាទី ភារកិច្ច ការពារនិងរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋបានល្អប្រសើរ ស្របតាមគោលការណែនាំរបស់ថ្នាក់ជាតិដែលបានដាក់ជូន។
បន្ទាប់មកលោកតំណាងប្រធានក្រុមប្រឹក្សាខណ្ឌបានថ្លែងនូវអំណរគុណ និងជូនពរដល់សមាជិកសមាជិកានៃអង្គប្រជុំទាំងអស់ សូមមានសុខភាពមាំមួនរកទទួលទានមានបាន សំណាងល្អនាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០១៦នេះ៕ ដោយមែន កំសត់