ភ្នំពេញ៖ នាព្រឹកថ្ងៃទី ៣១ ខែឆ្នូ ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខណ្ឌដូនពេញបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញអាណត្តិទី២ ក្រោមអធិបតីភាព លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ។
ក្នុងឱកាសនេះ ព្រមទាំងមានការចូលរួមពីលោក លោកស្រីជាសមាជិកក្រុមប្រឹក្សាខណ្ឌ លោកលោកស្រី មន្ត្រីការិយាល័យចំណុះជំនាញជុំវិញខណ្ឌ លោក លោកស្រីតំណាងចៅសង្កាត់ទាំង១១ ក្នុងមូលដ្ឋានខណ្ឌដូនពេញជាច្រើនរូបផងដែរ ។
កិច្ចប្រជុំបានដំណើរការតាមរបៀបបៀបវារៈមួយចំនួនមានដូចជា៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី២។ ២-ពិនិត្យ និងអនុម័តសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិលខណ្ឌ ២០១៦-២០១៨ របស់រដ្ឋបាលខណ្ឌដូនពេញ។ ៣-ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការរៀបចំគម្រោងឆ្នាំ២០១៦ ខណ្ឌដូនពេញ។ ៤-ស្តាប់របាយការណ៍បណ្តោះអាសន្នស្តីពីការបិទបញ្ជីទូទាត់ចំណូល-ចំណាយថវិកា ឆ្នាំ២០១៥ របស់រដ្ឋបាលខណ្ឌដូនពេញ។ ៥-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍អនុវត្តលទ្ធកម្មសាធារណៈប្រចាំឆ្នាំ២០១៥ របស់រដ្ឋបាលខណ្ឌដូនពេញ។
របៀបវារៈជាបន្តទៀតគឺ ៦-ពិនិត្យ និងអនុម័តសេចក្តីព្រាងផែនការលទ្ធកម្មសាធារណៈ ឆ្នាំ២០១៦ របស់រដ្ឋបាលខណ្ឌដូនពេញ។ ៧-ពិនិត្យ និងអនុម័តសេចក្តីព្រាងផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៦ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខណ្ឌដូនពេញ។ ៨-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលឆ្នាំ២០១៥។ ៩-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលឆ្នាំ២០១៥។ ១០-ពិនិត្យនិងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែធ្នូ ឆ្នាំ២០១៥ ដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រីបុគ្គលិក នៃរដ្ឋបាលខណ្ឌដូនពេញ។ ១១-ស្តាប់របាយការណ៍ស្តីពីការគ្រប់គ្រងបញ្ជីវត្តមានមន្ត្រីរាជការ របស់រដ្ឋបាលខណ្ឌដូនពេញ ឆ្នាំ២០១៥ និង១២-បញ្ហាផ្សេងៗមួយចំនួនទៀត ។
អង្គប្រជុំបានដំណើការតាមរបៀបវារៈដែលបានគ្រោងទុក បន្ទាប់មកលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌបានមានមតិបន្ថែម និងកោតសរសើរចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដែលមានលោកអភិបាលខណ្ឌជាប្រធាន បានខិតខំយកចិត្តទុដាក់លើកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខសណ្ដាប់ធ្នាប់ជាមួយមន្ត្រីសមត្ថកិច្ចដែលពាក់ព័ន្ធ រក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋានបានល្អប្រសើរ និងដឹកនាំកងកំលាំងចុះសកម្មភាពបង្កាបង្ក្រាបរាល់អំពើអសន្តិសុខទាំងឡាយ ព្រមទាំងចូលរួមសកម្មភាពថែរក្សាសោភ័ណភាពនិងសន្តិសុខសណ្ដាប់ធ្នាប់នៅត្រង់សួនច្បារ តាមមាត់ទន្លេមុខព្រះបរមរាជវាំង ទទួលបានការកោតសរសើពីសាធារណៈជន ជាតិ និងអន្តរជាតិដើម្បីលើកកំពស់សោភ័ណភាពទីក្រុង។
លោកប្រធានក្រុមប្រឹក្សាខណ្ឌបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រីសមាជិកាសមាជិកាដែលបានចំណាយពេលចូលរួមប្រជុំនាពេលនេះនិងសូមជូនពរសមាជិកសមាជិកាទទួលបានសុខភាពមាំមួនសំណាងល្អ សិរីសួស្ដីក្នុងឱកាសចូលឆ្នាំសកល២០១៦គ្រប់ៗគ្នា៕ ដោយ មែន កំសត់