ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ សាលាខណ្ឌចំការមនបានរៀបចំយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ក្រោមអធិបតីភាពលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ និងមានការចូលរួមពី លោក-លោកស្រីចៅសង្កាត់ទាំង១២ លោកនាយកវិទ្យាល័យទួលទំពូង តំណាងសាខាកាកបាទក្រហមរាជធានីភ្នំពេញ អនុសាខាខណ្ឌយុវជនកាកបាទក្រហម ក្រុមកាយរិទ្ធិ និង សសយក ខណ្ឌ សរុបចំនួន៩៥នាក់ និងមានការនិមន្តចូលរួមពីព្រះសង្ឃចំនួន០៣អង្គ។
នៅក្នុងកិច្ចយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ក្រុមការងារបានដង្ហែក្បូនដោយមានរថយន្តនិងថ្មើរជើង តាមដងវិថីនៅក្នុងខណ្ឌចំការមាន ព្រមទាំងមានការចែកខិតប័ណ្ណស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងការចាក់ផ្សាយតាមរយៈមីក្រូ បំពងសំលេង បិទរូបភាពនានា និងបដា ពាក្យស្លោកសំខាន់ៗសំរាប់ជាជំនួយស្មារតីដល់អ្នកបើកបរ សារនយោបាយរបស់ថ្នាក់ដឹកនាំលើការគោរពច្បាប់ចរាចរណ៍ ការផាកពិន័យផ្សេងៗតាមច្បាប់កំណត់ ។
ខ្លឹមសារយុទ្ធនាការផ្សព្វផ្សាយនេះរួមមាន៖ «បើពិសារគ្រឿងស្រវឹងកុំបើកបរ- បើកបរកុំពិសាគ្រឿងស្រវឹង» « រួមគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ! នគរបាលចរាចណ៍នឹងធ្វើការផាកពិន័យចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះតទៅ ចំពោះអ្នកបើកបរដែលអនុវត្តន៍ខុសច្បាប់ចរាចរណ៍»។ ក្រុមយុទ្ធនាការផ្សព្វផ្សាយបានបញ្ចេញសកម្មភាពយ៉ាងផុសផុល រហូតដល់ម៉ោង១២ទើបបញ្ចប់៕ ដោយ មែន កំសត់