ភ្នំពេញ៖ នារសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការសាលាខណ្ឌ ចុះសួរសុខទុក្ខលោក ស៊ុំ វង់ សមាជិកក្រុមប្រឹក្សាសង្កាត់ពងទឹក ដែលកំពុងមានជម្ងឺនិងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោបានសំដែងក្ដីអាណិតអាសូរយ៉ាងខ្លាំង ដល់លោក ស៊ុំ វង់ និងក្រុមគ្រួសារ ហើយលោកបានកោតសរសើរនូវសកម្មភាពការងារដែលលោក ស៊ុំ វង់ ក្រុមប្រឹក្សាសង្កាត់បានបំពេញជូនថ្នាក់ដឹកនាំ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សក្ដិសមជាមន្ត្រីល្អនៅមូលដ្ឋាន ហើយលោកអភិបាលខណ្ឌបានធ្វើការបួងសួងដល់វត្ថុស័ក្ដិសិទ្ធ ដែលមាននៅក្នុងលោកសូមជួយថែរក្សាការពារ និងសូមឲ្យរោគាព្យាធិដែលយាយីរូបកាយលោក ស៊ុំ វង់ ជៀសផុតឲ្យឆ្ងាយ និង ជាសះស្បើយចាប់ពីពេលនេះតទៅ។
ក្នុងឱកាសនោះលោកអភិបាលខណ្ឌបានឧប្ថម្ភថវិកាចំនួន៥០០ ០០០រៀល និងភេសជ្ជៈរួមទាំងផ្លែឈើ១កន្ត្រក់ដល់ក្រុមគ្រួសារលោក ស៊ុំ វង់ ដើម្បីយកដោះស្រាយក្នុងការព្យាបាលជំងឺ។
បន្ទាប់មកតំណាងក្រុមគ្រួសារលោក ស៊ុំ វង់ បានថ្លែងនូវអំណរគុណចំពោះទឹកចិត្តដ៏សប្បុរសរបស់លោកអភិបាលខណ្ឌនិងក្រុមការងារដែលបានគិតគូរពីសុខទុក្ខរបស់គ្រួសារគាត់ ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល និងសូមជូនពរលោកអភិបាលខណ្ឌព្រមទាំងក្រុមការងារមន្ត្រីរាជការខណ្ឌមានសំណាងល្អ សុខភាពបរិបូរណ៌ និងមានជ័យជំនះគ្រប់ភារៈកិច្ច៕ ដោយ មែន កំសត់