ភ្នំពេញ៖ នាព្រឹកថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៦ អនុសាខាកាកបាទក្រហម ខណ្ឌជ្រោយចង្វារ បានដង្ហែក្បួនយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដឹកនាំដោយ លោកស្រី កែវ ច័ន្ទ ស៊ុនណារី ប្រធានអនុសាខាកាកបាទក្រហមនិងជាអភិបាលរងខណ្ឌជ្រោយចង្វារ ព្រមទាំងមានការនិមន្តចូលរួមពីព្រះសង្ឃ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ សមាជិកសមាជិកា កាកបាទក្រហម អ្នកស្ម័គ្រចិត្ត និងយុវជន សង្កាត់ ខណ្ឌ សរុប ២១៨នាក់ ។
យុទ្ធនាការនេះ បានធ្វើដំណើរ តាមដងផ្លូវជាតិលេខ៦ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ ដោយមានការបំពងសំលេង តាមរយៈឃោសនស័ព្ទក្នុងប្រធានបទ«សូមបងប្អូនប្រុងប្រយ័ត្នអោយបានខ្ពស់ដើម្បីជីវិតខ្លួនយើង និងក្រុមគ្រួសារ» «ស្រវឹងស្រាបើកបរត្រូវផាកពិន័យបើកំរិតធ្ងន់ត្រួវជាប់ពន្ធនាគារ» « រួមគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា» «សុវត្ថិភាពចរាចរណ៍ចូលរួមក្នុងការអភិវឌ្ឍប្រទេសប្រកបដោយសុខសន្តិភាព» ។
ក្នុងឱកាសនេះដែរ ក្រុមការងារក៏បានចែកសៀវភៅខិតប័ណ្ណផ្សព្វផ្សាយស្តីពីទោសប្បញ្ញតិ និងអនុក្រឹត្យដល់អ្នកបើកបរផងដែរ។ ក្បូនដង្ហែបានបញ្ចប់នៅវេលាម៉ោង១១និង៣០នាទីប្រកបដោយសកម្មភាពផុសផុល៕ ដោយ មែន កំសត់