ភ្នំពេញ៖ ក្រោមកិច្ចសហការរវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ជាមួយគម្រោងសុខាភិបាលបេសកកម្មអង្គរ (Project Angkor) ស្ថាប័នទាំងពីរបានបំពេញបេសកកម្មមនុស្សធម៌របស់ខ្លួនរយៈពេល០៥ថ្ងៃ ដើម្បីពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាម ដែលសកម្មភាពមនុស្សធម៌នេះ ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេ ជោ និងមានការអញ្ជើញចូលរួមពីសំណាក់ លោក ណូរ៉ាន់ស៊ី ប្រធាន គម្រោងសុខាភិបាលបេសកកម្មអង្គរ (Project Angkor) និង អជ្ញាធរខេត្ត ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស្ថាប័នពាក់ព័ន្ធនិង ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
លោក ណូ រ៉ាន់ស៊ី ប្រធានគម្រោងសុខាភិបាលបេសកកម្មអង្គរ (Project Angkor) បានឱ្យដឹងថា បេសកកម្មនេះ មានរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី0២ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ ដោយសហការជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេ ជោ ពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅខេត្តកំពង់ចាម ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នេះគឺជាបេសកកម្មរួមសម្រាប់ឆ្នាំថ្មី២០១៦ រវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងគម្រោងសុខាភិបាលបេសកកម្មអង្គរ (Project Angkor) ដើម្បីធ្វើសកម្មភាពមនុស្សធម៌ចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយគិតថ្លៃ ដែលសកម្មភាពនេះ គឺស្របទៅតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យសុខាភិបាល និងលើកទឹកចិត្តអង្គការ សមាគមចុះធ្វើសកម្មភាពមនុស្សធម៌ដោយការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅតាមរាជធានីខេត្ត នៅទូទាំងប្រទេស។
ឯកឧត្តមបានបន្ថែមថា ទោះបីយើងមកពីស្ថាប័នផ្សេងគ្នា ប្រទេសផ្សេងគ្នាក៏ដោយ ប៉ុន្តែយើងមានបេសកកម្មដូចគ្នាក្នុងការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងធ្វើអំពើល្អចំពោះប្រជាពលរដ្ឋនៅក្នុងឱកាសឆ្នាំថ្មី។ លោកក៏បានថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត អជ្ញាធរ សខេត្ត មន្ទីពេទ្យខេត្ត យុវជន ស្ថាប័នដែលពាក់ព័ន្ធដែលបានចូលរួមសហការធ្វើសកម្មភាពមនុស្សធម៌ ដ៏មានតម្លៃជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម។
គួរបញ្ជាក់ផងដែរថា កិច្ចសហការលើការងារកិច្ចការមនុស្សធម៌ចុះពិនិត្យព្យាបាលប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងគម្រោងសុខាភិបាលបេសកកម្មអង្គរ (Project Angkor) សមាគមដែលបានចុះព្យាបាលជូនប្រជាពលរដ្ឋនៅខេត្តកំពង់ចាមគឺពិនិត្យ ជំងឺទូទៅ ជំងឺភ្នែក ផ្តល់ដៃសិប្បនិមិត្ត និងសុខភាពមាត់ធ្មេញដោយឥតគិតថ្លៃ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលបានទទួលបានពិនិត្យនិងព្យាបាល ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណចំពោះសកម្មភាពមនុស្សធម៌របស់សមាគមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងគម្រោងសុខាភិបាលបេសកកម្មអង្គរ (Project Angkor) ដែលធ្វើឱ្យគាត់មានសុខភាពប្រសើរជាងមុន និងអាចសរសេរបានក្រោយពីពិការដៃអស់រយៈពេលជាង១០ឆ្នាំមកហើយ៕
ប្រភព៖ rasmeinews