ព្រៃវែង៖ ថ្ងៃទី០៤ ខែ ធ្នូ ឆ្នាំ២០១៦ ក្រោយពីបានទទួលព័ត៌មានពីគ្រោះអគ្គីភ័យភ្លើងឆេះផ្ទះរបស់លោកតា ងឹម កូក អាយុ៧៩ឆ្នាំ នៅភូមិព្រែកចង្ក្រានក្រោម ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវេង ក្រោមការយកចិត្តទុកដាក់របស់ ឯកឧត្តម ប៉ុល រតនា និងឯកឧត្តម នឹម ច័ន្ទតាណា ក្រុមការងារចុះជួយស្រុកស៊ីធរកណ្ដាល បានចុះជួយកសាងផ្ទះមួយខ្នងជូនលោកតា ងឹម កូក ព្រមទាំងបាននាំយកនូវអំណោយជាសំភារៈប្រើប្រាស់ជាច្រើនរួមនិងថវិកាមួយចំនួនផងដែរដើម្បីចូលរួមរំលែកនិងសោកស្ដាយចំពោះអគ្គីភ័យដែលកើតឡើង។
ពិធីនេះ ព្រមទាំងមានការអញ្ជើញចូលរួមពីអនុសាខាកាកបាទក្រហមស្រុក លោក ម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្ដាល សមាជិកក្រុមប្រឹក្សាស្រុក ព្រះគ្រូអនុគុណស្រុក ព្រះគ្រូចៅអធិការវត្តគណៈកម្មការវត្តព្រែកចង្ក្រាន អធិការនគរបាលស្រុក នាយប៉ុស្តិ៍នគរបាលឃុំ លោកមេឃុំ មេភូមិ និងកំលាំងប្រជាការពារ។
ក្នុងនាមអាជ្ញាធរស្រុកស៊ីធរកណ្ដាលក៏ដូចជាថ្នាក់ដឹកនាំ លោក ម៉ន នី បណ្ឌិត បានមានមតិជំរាបជូនថា ហេតុការណ៍អ្វីៗយើងមិនអាចប៉ាន់ស្មានដឹងមុនបានឡើយ ប្រសិនបើដឹងមុននោះមិនមានបញ្ហាកើតមហន្តរាយដូចនេះទេ ប៉ុន្តែក្នុងករណីឆេះផ្ទះនេះ វាមិនមានគ្រោះថ្នាក់ដល់អាយុជិវិតឡើយ ក្នុងហេតុការណ៍នៅពេលថ្នាក់ស្រុកបានទទួលព័ត៌មានតាមរយៈថ្នាក់ឃុំ រូបខ្ញុំបានអន្តរាគមនិងបញ្ជាឲ្យថ្នាក់ឃុំ មានប៉ុស្តិ៍នគរបាល ក្រុមប្រឹក្សាឃុំ មេភូមិចុះជួយ បង្កាទប់ស្កាត់ តែថ្នាក់ឃុំបានរាយការណ៍ថាផ្ទះនោះត្រូវឆេះខ្ទេចខ្ទីអស់ហើយ តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតក្រុមគ្រួសារណាមួយឡើយ។
ហេតុនេះទើបក្រុមការងារ ចុះមកចូលរួមសាងសង់ផ្ទះថ្មី និងបានរាយអង្គាសម្រមែប្រមូលថវិកាគ្នាទិញសំភារៈប្រើប្រាស់ប្រគល់ជូន ត្បិតតែសំភារៈទាំងអស់នេះវាបន្តិចបន្តួចមែន តែអាចជួយដោះស្រាយជីវភាពបានមួយកំរិតដែរ។
តំណាងគ្រួសារលោកតា ងឹម កូក បានសំដែងនូវក្ដីត្រេកអរយ៉ាងខ្លាំង ចំពោះក្រុមការងារ និងព្រះតេជគុណគ្រប់ព្រះអង្គដែលបានលះបង់ធនធានបច្ច័យឧបត្ថម្ភដល់គ្រួសារគាត់ ដោយស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលដែលមាន សម្ដេច ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម៕ ដោយ មែន កំសត់