តាកែវ៖ នៅទីស្នាក់ការកណ្ដាល របស់គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ មានរៀបចំពិធីសូត្រមន្តបង្ស័កូលនិងអភិសេករូបសំណាក់ ទេវតាបាចផ្កាដែលជាសញ្ញាសំគាល់ របស់គណបក្សប្រជាជនកម្ពុជា ដែលទើបតែបញ្ចប់ការសាងសង់ ក្រោមអធិបតីភាព ឯកឧត្តម ឡាយ វណ្ណៈ ប្រធាន គណៈកម្មាធិការ គណបក្សប្រជាជន និងជាអភិបាលខេត្តតាកែវព្រមទាំងមន្ត្រី ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្ស ប្រជាជនខេត្តតាកែវនិងមន្ត្រីរាជការច្រើននាក់ទៀត។
ឯកឧត្តម ឡាយ វណ្ណៈ បានថ្លែងថា រូបទេវតាបាចផ្កា៧ទង គឺតំណាងឲ្យថ្ងៃ៧មករាជាថ្ងៃដែលគណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិនិងប្រជាពលរដ្ឋឲ្យចេញផុតពី របបកាប់សំលាប់ របស់ពួកខ្មែរក្រហម។
ក្រៅពីពិធីសម្ភោធរូបសំណាកទេវតា យើងក៏បានរៀបចំពិធីបង្ស័កូលដើម្បីឧទ្ទិសមហាកុសលដល់យុទ្ធជនយុទ្ធនារីយើងដែលបាន ពលិកម្មដើម្បីប្រទេសជាតិនិងប្រជាជន។
ឯកឧត្តម បានបន្តថា មានយុទ្ធជនយុទ្ធនារីរាប់ពាន់ម៉ឺននាក់បានបូជា ឈាមស្រស់សាច់ស្រស់ និងមានខ្លះទៀតបានពិការដៃជើង ដើម្បីបុព្វហេតុជាតិមាតុភូមិនិងប្រជាជន។ ពួកគេដែលបានពលីទៅមិនបាន នៅមើលឃើញការរីកចម្រើន របស់ប្រទេសជាតិនិងការរស់នៅក្នុង ភាពសប្បូរសប្បាយ របស់ប្រជាពលរដ្ឋខ្មែរយើងសព្វថ្ងៃនោះទេ។ តែទោះបីជាយ៉ាងណា យើងទាំងអស់គ្នាដែល ជាសមាជិកគណបក្សប្រជាជនកម្ពុជា ជាពិសេសប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសមិនដែលបំភ្លេចពីពលីកម្មដ៏ធំធេងរបស់អតីតយុទ្ធ ជននិងយុទ្ធនារីយើងនោះទេ។
នៅក្នុងពិធីនោះផងដែរ ឯកឧត្តម ឡាយ វណ្ណៈ ក៏បានធ្វើការបួងសួងដល់រូបសំណាកទេវតាបាចផ្កាដែលជាសញ្ញាសំគាល់របស់គណបក្សប្រជាជនកម្ពុជាសូមតាមជួយថែរក្សាបីបាច់ សមាជិកសមាជិកាគណបក្សប្រជាជនទាំងអស់ ជាពិសេសសូមតាមជួយថែរក្សាប្រជាពលរដ្ឋនៅទូទាំងប្រទេសសូមអោយមានសេចក្ដីសុខនិងមានភាពសំបូរសប្បាយតរៀងទៅ៕ដោយ មែន កំសត់