កំពង់ចាម៖ នារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ លោក ផេន សុផល អភិបាលស្រុកកោះសូទិន និងមន្ត្រីរាជការ ថ្នាក់ស្រុក ក្រុមសកម្មជនយុវជនស្រុក និងលោកមេឃុំ ក្រុមប្រឹក្សាឃុំ យុវជនឃុំមហាលាភ មេភូមិ បានយកអំណោយសំភារៈប្រគល់ជូនគ្រួសារក្រីក្រចំនួន៥គ្រួសារ មកពីភូមិដំណាក់ព្រីង ឃុំមហាលាភ។
នាឱកាសនោះលោក ផេន សុផល អភិបាលស្រុកបានមានមតិសំណេះសំណាលទៅកាន់បងប្អូននិងពាំនាំនូវការសួរសុខទុក្ខ របស់ថ្នាក់ដឹកនាំជាតិនិងបក្សប្រជាជនកម្ពុជា ដែលតែងគិតគូរពីសុខទុក្ខមិនរត់ចោលប្រជាពលរដ្ឋ ដូចបក្សប្រឆាំង លោកក៏បានលើកឡើងពីការអភិវឌ្ឍន៍របស់ប្រទេស ហើយសូមបងប្អូនកុំជឿតាមការញុះញង់របស់បក្សប្រឆាំងនោះឡើយ ហើយនៅពេលខាងមុខ យើងក៏ចងចាំមិនភ្លេចនៅថ្ងៃប្រវត្តិសាស្ត្រដែលជាតិខ្មែរបានរស់ឡើងវិញ ពីរបប៣ឆ្នាំ ៨ខែ និង២០ថ្ងៃ នៃរបបប៉ុលពតគឺទិវាជ័យជំនះ៧មករា អ្នកប្រឆាំងនិង៧មករា គឺប៉ុលពតទី២ ហេតុនេះសូមបងប្អូនខ្មែរគ្រប់រូបត្រូវចងចាំជានិច្ច ។
បន្ទាប់មកលោកអភិបាលស្រុកបានចែកជូនអំណោយដល់ប្រជាពលរដ្ឋទាំង៥គ្រួសារ រួមមានឃីត១កញ្ចប់ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ និងសំភារៈមួយចំនួនទៀត។
បន្ទាប់មកនៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ ក្រុមការងារដដែលបានចុះទៅចែកអំណោយនិងសំភារៈនៅឃុំព្រែកតានង់ ស្រុកកោះសូទិន ចំនួន៥គ្រួសារ ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ មេឃុំព្រែកតានង់ យុវជនឃុំ និងមេភូមិ ។
លោក ផេន សុផល អភិបាលស្រុក បានមានមតិសំណេះសំណាល និងបានលើកឡើងអំពីគោលនយោបាយ របស់រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលដែលមានក្នុងស្រុក ក្រោមការដឹកនាំរបស់ថ្នាក់ស្រុក ដែលមានរូបលោកជាអភិបាលស្រុក រួមទាំងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដោយអនុវត្តន៍តាមគោលនយបាយភូមិឃុំមានសុវត្ថិភាព។
បន្តមក ក្រុមការងារបានប្រគល់នូវសំភារៈគ្រឿងឧបភោគបរិភោគ ដល់គ្រួសារក្រីក្រចំនួន៥គ្រួសារ រួមមាន៖ ឃីត១កញ្ចប់ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ និងសំភារៈផ្សេងទៀត ។
នាឱកាសនោះលោក លឹម ជូឡេង មេឃុំព្រែកតានង់បានមានមតិនិងថ្លែងអំណរគុណចំពោះក្រុមការងារថ្នាក់ស្រុកបានយកសំភារៈមកប្រគល់ជូនគ្រួសារដែលក្រីក្រ នៅក្នុងឃុំ សបញ្ជាក់ឲ្យឃើញពីការគិតគូរសុខទុក្ខ របស់ប្រជាពលរដ្ឋពិតៗ ស្របទាមគោលនយោបាយកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋានរបស់រាជរដ្ឋាភិបាល៕ ដោយ មែន កំសត់