កំពង់ចាម៖ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦ នៅបរិវេណសាលាស្រុកកោះសូទិន បានប្រារព្ធមិទ្ទិញខួបលើកទី៣៧ទិវាជ័យជំនះ៧មករា ក្រោមអធិបតីភាពឯកឧត្តម ជឹម លាវ អនុប្រធានបក្សខេត្ត និងជាអភិបាលរងខេត្តកំពង់ចាម ព្រមទាំងមានការចូលរួមពី លោក លោកស្រីជាសមាជិកគណៈកម្មការបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម លោក ផេន សុផល អភិបាលស្រុកកោះសូទិន ក្រុមប្រឹក្សាស្រុក គណៈកម្មាធិការបក្សស្រុក កងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការសាលាស្រុក គណៈកម្មការបក្សឃុំ សាខាបក្សភូមិ យុវជនភូមិប្រជាពលរដ្ឋក្នុងឃុំពាមប្រធ្នោះ ចូលរួមសរុបចំនួន៥៥៧នាក់។
លោក ផេន សុផល អភិបាលស្រុកនិងជាប្រធានបក្សស្រុកកោះសូទិនបានឡើងអានសុន្ទរកថារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងឱកាសប្រារព្ធពិធីមិទ្ទិញរំលឹកខួបលើកទី៣៧ថ្ងៃជ័យជំនះ៧មករា ក្នុងខ្លឹមសារសំខាន់ៗ «មាន៧មករាគឺមានអ្វីទាំងអស់ដូចថ្ងៃនេះ» ជយោ!៧មករាអមតៈ!អ្នកប្រឆាំង៧មករាគឺប៉ុលពត! មាន៧មករា មានហ៊ុនសែន មានរណៈសិរ្សសង្គ្រោះជាតិ មានគណបក្សប្រជាជនកម្ពុជា ទើបជាតិខ្មែរ រស់ឡើងវិញ ប្រឆាំងដាច់ខាតនូវអ្នកមិនទទួលស្គាល់៧មករា អ្នកភ្លេច៧មករា ប្រៀបដូចសត្វក្រពើរមិលគុណ ហើយមានអ្នកខ្លះនិយាយថា នេះជាការរៀបចំរបស់បក្សប្រជាជន ការនិយាយមួលបង្កាច់បង្ខូច ចង់ឲ្យលុបថ្ងៃដ៏មហាអស្ចារ្យ ប្រវត្តិសាស្ត្រ មានន័យថា អ្នកនោះគ្មានខួរក្បាល ជាខ្មែរទេ ។
បន្ទាប់មកលោក បានបញ្ជាក់បន្ថែមដល់សមាជិក សមាជិកា នៃអង្គពិធីថា ៧មករាមិនមែនរបស់បក្សប្រជាជនតែ១គត់នោះទេ ពោលគឺជារបស់ប្រជាជនទាំងមូល ហើយយើងត្រូវ រក្សាសមិទ្ធផល ៧មករាតទៅទៀត។
បន្តមកឯកឧត្តម ជឹម លាវ អនុប្រធានបក្សខេត្តនិងជាអភិបាលរងខេត្តកំពង់ចាមបានមានមតិសំណេះសំណាលទៅកាន់អង្គពិធី ឯកឧត្តមមានក្ដីរីរាយដោយបងប្អូនបានចូលរួមក្នុងការគាំទ្រនូវទិវាប្រវត្តិសាស្ត្រ របបខ្មៅ ងងឹតវាលពិឃាដ មហាសោកនាដកម្មដ៏សហាវ ហើយយើងមិនឲ្យរបបនេះវិលត្រលប់មកវិញម្ដងទៀតឡើយ ដូចនេះ អ្វីៗដែលមានគឺជាការដឹកនាំរបស់បក្សប្រជាជនកម្ពុជា មាន៧មករាមានហ៊ុនសែនមានបក្សប្រជាជនកម្ពុជា មានរណៈសិរ្ស សង្គ្រោះជាតិ រួមសហការជាមួយកងទ័ពវៀតណាមទើបជាតិខ្មែររស់ឡើងវិញ។
ដូចនេះបងប្អូនត្រូវចងចាំមហាទិវាជ័យជំនះនេះមិនអាចលុបចោលនិងបំភ្លេចពីក្រអៅបេះដូងជនរួមជាតិយើងបានឡើយ ជយោ!៧មករាអមតៈ អ្នកប្រឆាំង៧មករា គឺប៉ុលពតទី២! ៧មករាគឺជាមាតាទី២របស់ប្រជាជាតិខ្មែរ! ។ បន្ទាប់មកឯកឧត្តមអភិបាលរងខេត្តនិងក្រុមកាងរ បានចែកសំភារៈជូនអ្នកចូលរួមទាំង៥៥៧នាក់ក្នុងម្នាក់ៗទទួលបានសារ៉ុងមួយផងដែរ៕ ដោយមែន កំសត់