ភ្នំពេញ៖ នារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ រួមជាមួយព្រះគ្រូសុវណ្ណបញ្ញោ នូ សាំង ចៅអធិការវត្តជ្រោយបទុម ហៅវត្តព្រែកជ្រៃ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ព្រមទាំងមានការចូលរួមពីលោកចៅសង្កាត់ដង្កោ ចៅសង្កាត់ព្រែកកំពឹស សង្កាត់ស្ពានថ្មី មេភូមិ បាននាំយកអំណោយចែកជូនដល់គ្រួសារក្រីក្រ ក្នុងសង្កាត់ដង្កោ សង្កាត់ព្រែកកំពឹសនិងសង្កាត់ស្ពានថ្ម ចំនួន ៥៥គ្រួសារ ។ ,
លោក នុត ពុតដារ៉ា អភិបាលខណ្ឌដង្កោ បានមានមានមតិសំណេះសំណាល ទៅកាន់បងប្អូន លោកបានបញ្ជាក់និងពាំនាំនូវការសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល និងគណបក្សប្រជាជន ដែលតែងគិតនិងដោះស្រាយនូវរាល់ទុក្ខលំបាក ជូនបងប្អូន គ្រប់ពេល ទោះបីការដោះស្រាយ ទាន់ឬមិនទាន់តាមសេចក្ដីត្រូវការក៏ដោយ ក៏ថ្នាក់ដឹកនាំខិតខំពុះពារ ដូចជានៅថ្ងៃនេះ មានការផ្ដល់ ជាសំភារៈនិងថវិកាដល់ប្រជាពលរដ្ឋ ក្រីក្រ ត្បិតតែវាបន្តិចបន្តួច តែវាបានសំរាលដោះស្រាយជីវភាពបានមួយកំរិត និងគ្រាន់បើជាងបក្សប្រឆាំងខ្លះបានតែថានិយាយនិងស្រែក មិនបានជួយចូលរួម ដោះស្រាយនូវរាល់ទុក្ខលំបាកជូនបងប្អូននោះឡើយ ។
បន្ទាប់មកលោកអភិបាលខណ្ឌដង្កោ និងក្រុមការងារ បានចែកសំភារៈនិងថវិកា ដល់គ្រួសារក្រីក្រ មកពីភូមិ នៅក្នុងសង្កាត់ទាំង៣ខាងលើចំនួន៥៥គ្រួសារ ដោយក្នុង មួយគ្រួសារទទួលបាន ថវិកា ២០,០០០រៀល អង្ករ ២០គីឡូក្រាម មី ០១កេស និងគ្រឿងឧបភោគបរិភោគ ចំនួន៤មុខផ្សេងទៀត។
ជាមួយគ្នានេះ ព្រះគ្រូចៅអធិការ សុវណ្ណបញ្ញោ នូ សាំង ក៏បានប្រគេននូវថវិកានិងគ្រឿងឧបភោគបរិភោគមួយចំនួនធំ ជូនដល់សាលាខណ្ឌដង្កោដើម្បីប្រើប្រាស់ក្នុងការងារមនុស្សធម៌ ដល់ជនក្រីក្រ ជនងាយរងគ្រោះ ស្ត្រីមេម៉ាយ កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ ជម្ងឺអេដស៍និងអ្នកជួបគ្រោះថ្នាក់ធម្មជាតិផ្សេងៗក្នុងមូលដ្ឋាន។ ទេយ្យវត្ថុដែលបានប្រគល់ជូនសាលាខណ្ឌដង្កោ ក្នុងឱកាសនោះរួមមាន៖ ថវិកា ២លានរៀល អង្ករ ១តោន និងគ្រឿងឧភោគបរិភោគ ចំនួន ១០មុខផ្សេងទៀត៕ ដោយ មែន កំសត់