កំពង់ចាម៖ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម លន់ លឹមថៃ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនិងមន្ត្រីមន្ទីរ ដែលពាក់ព័ន្ធក្នុងខេត្ត លោកអភិបាលស្រុកកំពង់សៀម មេឃុំ បានអញ្ជើញចុះត្រួតពិនិត្យនៅក្នុង បរិវេណ ប្រាសាទនគរបាជ័យ ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
គោលបំណងនៃការចុះត្រួតពិនិត្យ ប្រាសាទនេះគឺដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍នៅក្នុងទីនោះ ដោយមានគម្រោង ដាំដើមឈើបន្ថែមនៅទីតាំងនោះ និង គម្រោងស្ដារស្រះបុរាណ ទាំងពីរ ដែលនៅសងខាងមុខប្រាសាទនេះផងដែរ ដើម្បីបង្កើត សោភ័ណភាពនៅក្នុង ប្រាសាទអោយកាន់តែមានភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ។
នៅក្នុងដំណើរការ ត្រួតពិនិត្យនេះផងដែរ ឯកឧត្តម លន់ លឹមថៃ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា គម្រោងនេះគឺយើងគិតទៅលើបរិស្ថាន សុខសុវត្ថិភាព ភាពសុខសប្បាយ ចំរុង ចំរើន របស់ប្រជាជន និង សោភ័ណភាព របស់ប្រាសាទ អោយមានភាពស្រស់បំព្រង នឹងឲ្យក្លាយជាតំបន់គម្របបៃតងនៅក្នុងបរិវេណប្រាសាទ ព្រមទាំងជាកន្លែង កំសាន្តលំហែរ និង ទស្សនា រមណីយដ្ឋាន វប្បធម៌មួយនេះ ព្រោះថានៅក្នុង បរិវេណប្រាសាទ នគរបាជ័យ នេះមានវត្តចំនួនពីរផងដែរ ដែលជាកន្លែង ទីសក្ការៈបូជា ក្នុង ព្រះពុទ្ធសាសនា ។
ហេតុផលទាំងនេះហើយបានជា អភិបាលខេត្តនិងមន្ត្រី នៃមន្ទីរពាក់ព័ន្ធ បង្កើតគម្រោងនេះឡើង ដើម្បី ទាក់ទាញទេសចរណ៍ វប្បធម៌ផង និង ផ្សព្វផ្សាយ នូវវប្បធម៌ ទំនៀមទំលាប់ប្រពៃណី ទៅថ្នាក់ ជាតិអន្តរជាតិផង តាមរយៈទេសចរណ៍ វប្បធម៌មួយនេះនិងជាកំនើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋទូទៅក្នុងខេត្តកំពង់ចាម ។
ឯកឧត្តមក៏បានបញ្ជាក់ទៀតថាគំរោងខាងលើនេះ ក៏ជាសមិទ្ធផលថ្មីសំរាប់ឆ្នាំ២០១៦ ដែលឆ្នាំ២០១៥កន្លងមក អាជ្ញាធរខេត្តបានសាងសង់ ដូចជា ផ្លូវថ្នល់ រូបសំណាក់និងប្រព័ន្ធលូ សំខាន់ៗនៅក្នុងបរិវេណប្រាសាទនេះផងដែរ៕ ដោយ ហ៊ាង អ៊ាមហុយ
ប្រែសម្រួលដោយ មែន កំសត់