ភ្នំពេញ៖ នាល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំគម្រោងសាងសង់ស្ពានអាកាសស្តុបផ្សារដីហុយ និងផ្លូវក្រវ៉ាត់ក្រុងទី២។
ក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមពីមន្ទីរសាធារណការរាជធានីភ្នំពេញ លោកអភិបាលខណ្ឌចំនួន៣ មានដូចជា ខណ្ឌដង្កោ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ព្រមទាំងមន្ត្រីពាក់ព័ន្ធច្រើនរូបទៀត ។
តាមការបញ្ជាក់របស់ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញលទ្ធផលនៃកិច្ចប្រជុំសំរេចអនុវត្តន៍គម្រោងសាងសង់ស្ពានអាកាសស្តុបផ្សារដីហុយ ប្រសព្វរវាងមហាវិថីសហព័ន្ឋរុស្ស៊ីនិងវិថីហាណូយ មានប្រវែង ៦១១ម ទទឹង ១៦.៥ម។ ចំពោះផ្លូវខ្សែក្រវ៉ាត់ក្រុងទី២ មានប្រវែង ១៦.៦៧គ.ម ចាប់ពីមហាវិថីសហព័ន្ឋរុស្ស៊ីដល់ផ្លូវជាតិលេខ២ ទទឹង ២៣ម លូសងខាងទំហំ ១.៥ម បេតុងកម្រាស់ ២០ស.ម ដោយឆ្លងកាត់ភូមិសាស្ត្រខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌដង្កោ នឹងត្រូវអនុវត្តន៍នាពេលឆាប់ៗខាងមុខនេះ៕ ដោយ មែន កំសត់