ត្បូងឃ្មុំ៖ ពន្ធធនាគារ មិនត្រឹមតែជាកន្លែងឃុំឃាំងអ្នកទោសតែប៉ុននោះទេ ប៉ុន្តែក៏ជាកន្លែងអប់រំកែប្រែ ជនជាប់ឃុំ ដោយជួយផ្តល់សេវាអប់រំ ស្តារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីរៈបង្កើតមុខរបរដល់ទណ្ឌិត ដើម្បីពួកគេមាន លទ្ធភាពក្លាយជាពលរដ្ឋល្អ ត្រឡប់ទៅរស់នៅក្នុងសង្គមជាតិវិញ ។
ដោយឡែកដើម្បីឆ្លើយតបនឹងតម្រូវការផ្តល់សេវាគ្រប់គ្រង និងអប់រំកែប្រែជនជាប់ឃុំ ក្នុងតំបន់រដ្ឋបាលរបស់ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីប្រកាសដាក់អោយដំណើរការរចនាសម្ព័ន្ធ ពន្ធធនាគារខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
អញ្ជើញចូលរួមនាឱកាសនោះមាន ឯកឧត្តម អគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធធនាគារ និងប្រតិភូអមដំណើរ ឯកឧត្តម សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត ប្រធានតុលាការ និងព្រះរាជអាជ្ញា អមសាលាដំបូងខេត្តត្បូងឃ្មុំ និងកំពង់ចាម ប្រធាន ពន្ធធនាគារខេត្តកំពង់ចាម ព្រៃវែង ក្រចេះ និងសៀមរាប ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក និងសមាជិកសមាជិកា ជាច្រើនរូបទៀត៕