ភ្នំពេញ៖ តាមរយៈការផ្តល់បទសម្ភាស លោក ឃ្លាំង ហួត អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ បានឱ្យដឹងថា ដោយយល់ឃើញអំពីបញ្ហាប្រឈមនិងការរិះគន់ពីមជ្ឈដ្ឋានមហាជនកន្លងមកអំពីការសាងសង់រោងការ រោងបុណ្យនិងជប់លៀងខួបកំណើតផ្សេងៗនៅលើផ្លូវជាតិលេខ៦និងផ្លូវមាត់ទន្លេ (ហៅផ្លូវទន្លេសាប ) ទី១គឺបញ្ហាកកស្ទះចរាចរ ទី២បញ្ហារឿងសុវត្ថិភាព ។
លោកបានបន្តថា ២ចំណុចនេះគឺលោកបានដាក់បញ្ជាឱ្យលោកចៅសង្កាត់ណែនាំឱ្យប្រជាពលរដ្ឋដែលរស់នៅតាមសងខាងផ្លូវជាតិលេខ៦និងផ្លូវមាត់ទន្លេ មិនអនុញ្ញាតិឱ្យសង់រោងការឬបុណ្យផ្សេងៗជាដាច់ខាត។ ក៏ប៉ុន្តែអាជ្ញាធរត្រូវសម្របសម្រួលជួយដល់ពួកគាត់រកទីតាំងថាបើធ្វើបុណ្យធ្វើទានគឺនៅវត្ត ព្រោះនៅតំបន់នោះវត្តធំៗណាស់ហើយបើករណីជប់លៀងត្រូវបង្វែរទិសគាត់ឱ្យរកដីឡូតិ៍ណាដែលនៅក្បែរនោះជួយសហការសម្រួលសុំខ្ចីធ្វើរោងឬទីតាំងរបស់រដ្ឋដោយយើងមិនយកកម្រៃឬសេវានោះទេ មានតែជួយគាត់ថែម។ ចំណែកផ្លូវជាតិលេខ៦និងផ្លូវមាត់គឺមិនអនុញ្ញាដាច់ខាតតែម្តង ។
លោកអភិបាលបានមានប្រសាសន៍បន្ថែមថាចំណែកផ្លូវក្រៅពីនោះគឺយើងពិនិត្យការជាក់ស្តែង បើសិនគាត់អត់មានកន្លែងគាត់ធ្វើលើផ្លូវអាជ្ញាធរនិងសមត្ថកិច្ចក៏ដូចជាសណ្តាប់ ចូលរួមសហការជាមួយគាត់ជួយសម្រួលចរាចរដើម្បីគាត់ធ្វើបុណ្យទាន ឬពីធីផ្សេងៗបានរលូន។ លោកក៏បានមានប្រសាសន៍ផងដែថា ការសាងសង់លើផ្លូវឬបិទផ្លូវនេះវាប៉ះពាល់ខ្លាំងណាស់ដល់ចរាចរមមាញឹក ទី១គឺស្ទះគេផ្លូវ ទី២គឺអាចបង្កគ្រោះថ្នាក់ជាយថាហេតុ តើឱ្យអ្នកណាជាអ្នកទទួលខុសត្រូវ? ហើយរឿងនេះប្រជាពលរដ្ឋគឺគាត់គាំទ្រណាស់ ព្រោះអារឿងបិទផ្លូវបិទអីនេះ ម្នាក់ៗគឺរអ៊ូរទាំណាស់អារឿងស្ទះហ្នឹង ហើយវិធានការរបស់យើងគឺឱ្យប្រជាពលរដ្ឋចង់ធ្វើបុណ្យគឺទៅធ្វើនៅវត្ត ព្រោះវត្តមានច្រើនណាស់។
ចំណែកអ្នកជប់លៀងគឺទៅហាងទៅ ព្រោះគាត់មានលុយទិញ ស្រាថ្លៃៗរឿងអីអត់លទ្ធភាពជួលហាង ព្រោះអ្នកផ្លូវជាតិលេខ៦ដែលមានផ្ទះជាប់នឹងផ្លូវនោះមិនមែនអ្នកក្រទេសុទ្ធតែមានលទ្ធភាពមានជីវភាពធូធារ អាចធ្វើការងារនេះបានបើយើងមើលទៅគឺមហាជនគាំទ្រសម្បើមណាស់អារឿងនេះ ។
ឆ្លើយនឹងសំណួរដែលសួរថា តើការអនុវត្តនេះអនុវត្តន៍ទាំងអស់គ្នាឬក៏អនុវត្តន៍តែអ្នកតូចតាចឬសម្រាប់អ្នកក្រីក្រទេ? លោក ឃ្លាំង ហួត មានប្រសាសន៍បញ្ជាក់ថាគឺអនុវត្តន៍ទាំងអស់គ្នាគ្មានអ្នកតូចឬអ្នកធំ គ្មានអ្នកមាន ឬអ្នកក្រនោះទេ ពិសេសអ្នកមាននិងអ្នកធំហ្នឹងត្រូវគោរពច្បាប់ជាងអ្នកក្រផង ហើយលោកជឿថាស្រួលនិយាយច្រើនជាងអ្នកក្រីផង ពោលគឺស្មើភាពគ្នា ។
លោក ឃ្លាំង ហួត បានមានប្រសាសន៍បែបនេះនៅក្នុងកិច្ចប្រជុំក្នុងសាលាខណ្ឌកន្លងមកបន្ទាប់ពីច្បាប់ចរាចរផ្លូវគោកចេញថ្មីហើយត្រូវអនុវត្តចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០១៦ តទៅដើម្បីជួយចូលរួមគោរពច្បាប់ទាំងអស់គ្នា ។
ចុងក្រោយលោក អភិបាលខណ្ឌបានបញ្ជាក់ថា រឿងនេះពិតជាលោកបានបញ្ជាមែនដោយលោកផ្តោតសំខាន់ទី១រឿងសណ្តាប់ធ្នាប់ ទី២រឿងសន្តិសុខ ដូច្នេះលោកក៏បានសុំការយោគយល់ពីប្រជាពលរដ្ឋ។ ដោយករណីនេះនៅក្នុងរាជធានីភ្នំពេញទាំងមូលសាលាក្រុងនៅមិនទាន់មានចំណាត់ការនៅឡើយទេដោយគេសង្កេតឃើញរោងការរោងបុណ្យនិងរោងពិធីផ្សេងៗសង់ពេញៗផ្លូវបណ្តាលឱ្យមានការកកស្ទះចរាចររាល់ថ្ងៃ ពិសេសនៅរដូវប្រាំងនេះសំបូរណាស់ប៉ុន្តែនៅក្នុងទឹកដីខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត បានហាមដាច់ខាត ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ថាថ្មីៗនេះមិនមានចេញសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរបែបនេះទេ តែពីមុនធ្លាប់ធ្វើសេចក្តីណែនាំឱ្យលោកចៅសង្កាត់ខណ្ឌមើលលើបញ្ហានេះដែរ ដោយមិនឱ្យសាងសង់បិទផ្លូវទាំងស្រុងនោះទេ ។
ករណីខាងលើប្រជាពលរដ្ឋទូទៅក៏បានសម្តែងការអបអរសាទរយ៉ាងខ្លាំងអំពីចំណាត់ការមុនគេរបស់លោកអភិបាលខណ្ឌជ្រោយចង្វាររូបនេះហើយគាត់បានគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការនេះ ៕ ដោយ មែន កំសត់