កំពង់ចាម៖ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិដំណាក់ស្វាយ ឃុំល្វេស្រុកកោះសូទិនខេត្តកំពង់ចាម មានរៀបចំពិធីផ្សព្វផ្សាយបញ្ជ្រាបអំពីគោលនយោបាយភូមិឃុំសុវត្ថិភាព ក្រោមអធិបតីភាពលោក សាយ ស្រ៊ាង មេឃុំនិងជាប្រធានគណៈបញ្ជាការឯកភាពឃុំល្វេ ព្រមទាំងមានវត្តមានចូលរួមពី លោក ឈាវ ស៊ីណូ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មន្ត្រីនគរបាលប៉ុស្តិ៍ លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ មេភូមិ មេភូមិរង និងប្រជាពលរដ្ឋសរុបប្រមាណជាង១០០នាក់។
នាឱកាសនេះលោក ឈាវ ស៊ីណូ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ បានធ្វើរបាយការណ៍ ស្ដីអំពី សកម្មភាព កិច្ចប្រតិបត្តិការនៃការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្នុងការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំនុច និងកិច្ចការពារ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ការដោះស្រាយ រាល់ពាក្យបណ្ដឹង ការបំរើសេវារដ្ឋបាលឯកសារនានារបស់ប៉ុស្តិ៍នគរបាលជូនប្រជាពលរដ្ឋ និងការចុះល្បាតយាមការពារនៅតាមគោលដៅសំខាន់ៗ ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនាពេលកន្លងមក បានល្អប្រសើរ ជូនអង្គប្រជុំ និងគណៈអធិបតីជ្រាបរួចមក ។
បន្ទាប់មកលោក សាយ ស្រ៊ាង មេឃុំល្វេ បានមានមតិសំណេះសំណាលទៅកាន់បងប្អូនប្រជាពលរដ្ឋ លោកមេឃុំបានថ្លែងអំណរគុណចំពោះការចូលរួមប្រជុំបញ្ជ្រាបលើគោលនយោបាយភូមិឃុំសុវត្ថិភាព ដែលរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃ បានដាក់ជូនដល់គ្រប់រដ្ឋបាលនៅថ្នាក់ក្រោមជាតិ ពិសេសថ្នាក់ឃុំសង្កាត់ជាអ្នកអនុវត្តន៍ផ្ទាល់ ចាប់តាំងពីឆ្នាំ២០១០មក ជារួមពិនិត្យឃើញថា ក្រោមការសហការរបស់អាជ្ញាធរ មានក្រុមប្រឹក្សាឃុំ មេភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល កម្លាំងប្រជាការពារប្រជាពលរដ្ឋក្នុងការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព នៅក្នុងឃុំល្វេមានការថយចុះបទល្មើសជាលំដាប់ ហើយប្រជាពលរដ្ឋមានការយល់ដឹងច្រើន និងចូលរួមសហការ ហ៊ាននិយាយរិះគន់លើចំនុចអសកម្មទាំងឡាយរបស់អាជ្ញាធរ ដើម្បីឲ្យកែតម្រូវ។
លោកមេឃុំបានបញ្ជាក់បន្ថែមទៀតដែលថា ឃុំល្វេបានទទួលប័ណ្ណសរសើរ ចំណាត់ថ្នាក់លេខ១ និងថវិកា១លានរៀលរបស់ក្រសួងមហាផ្ទៃ លើការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ជារៀងរាល់ឆ្នាំ។
ទន្ទឹមនឹងការកោតសរសើរនេះ យើងមិនត្រូវភ្លេចខ្លួន លោកមេឃុំក៏បានសំណូមពរ ដល់ សមត្ថកិច្ច និងមេភូមិ អាជ្ញាធរពាក់ព័ន្ធ ចូលរួមសហការបន្តទៀត ហើយប្រជាពលរដ្ឋ ក៏ត្រូវចូលរួមគោរពច្បាប់ ទើបដំណើរការអនុវត្តន៍ទទួលបានលទ្ធផលល្អប្រសើរ បើមានបទល្មើសកើតឡើងត្រូវរាយការណ៍ តាមរយៈទរស័ព្ទ តាមរយៈលោកមេភូមិ មកសាលាឃុំប៉ុស្តិ៍ ដើម្បីមានវិធានការទប់ស្កាត់បង្ក្រាបបានទាន់ពេលវេលា ហើយធានាបានសុខសុវត្ថិភាពនៅក្នុងមូលដ្ឋាន។
បន្តមកទៀតលោក ឈាវ ស៊ីណូ នាយប៉ុស្តិ៍នគរបាលឃុំ បានផ្សព្វផ្សាយដល់បងប្អូន ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នៅពេលបើកបរ កុំពិសាស្រា មានមួកមានកញ្ចក់ មានឯកសារគ្រប់គ្រាន់ ទើបនគរបាលចរាចរណ៍មិនផាកពិន័យ ហើយលើការងាររដ្ឋបាល លោកសូមឲ្យបងប្អូនដែលបំបែកគ្រួសារថ្មី ត្រូវមកបំពេញបែបបទធ្វើសៀវភៅគ្រួសារ ងាយស្រួលក្នុងការប្រើប្រាស់ អ្នកទើបមកស្នាក់នៅត្រូវមកបំពេញលិខិតស្នាក់នៅបណ្ដោះអាសន្ន ហើយអ្នកផ្លាស់ទៅនៅកន្លែងផ្សេង ត្រូវមកសុំលិខិតផ្លាស់ប្ដូរទីលំនៅ ដើម្បីប៉ុស្តិ៍ងាយស្រួលក្ដាប់ស្ថិតិនិងគ្រប់គ្រងស្ថិតិបានល្អ ដោយត្រូវបង់សេវាតាមការកំណត់របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ។
បន្ទាប់មកលោកមេឃុំ និងក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាល បានចែកអត្តសញ្ញាណប័ណ្ណ គំរូថ្មីដល់ប្រជាពលរដ្ឋដែលបានថតកន្លងមក និងស្នើសុំឲ្យថែរក្សា បើបាត់ឬខូច ត្រូវប្ដឹងរាយការណ៍មកសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ៕ ដោយ មែន កំសត់