ព្រៃវែង៖ ដោយពិនិត្យឃើញប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុក លោកអភិបាលស្រុកវ័យក្មេងដែលទើបចូលកាន់តំណែងបានរយៈពេលជាង៣ខែ ត្រូវបានទទួលការកោតសរសើរលើការងារជុំវិញ ស្រុក ហើយថ្មីនេះលោកអភិបាលរូបនេះបានចុះសកម្មភាពគ្រប់រូបភាពធ្វើឲ្យមានការពេញចិត្តពីប្រជាពលរដ្ឋនិងថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្នុងអង្គភាព នេះសបញ្ជាក់ពីទឹកចិត្តមុះមុតរបស់លោកនិងជាមន្ត្រីល្អ នៅក្នុងស្រុក។
ចំណុចនេះសូមរៀបរាប់នូវសកម្មភាពមនុស្សធម៌របស់លោក ម៉ន នីបណ្ឌិត អភិបាលស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ក្នុងខែមករា ឆ្នាំ២០១៦ មកបញ្ជាក់ដើម្បីជាភស្តុតាង ដោយមានការយកចិត្តទុកដាក់និងទំនួលខុសត្រូវរបស់អាជ្ញាធរថ្នាក់ដឹកនាំ លោក ម៉ន នីបណ្ឌិត អភិបាលស្រុក បានដឹកនាំកំលាំងមានមន្ត្រីសាលាស្រុក អាវុធហត្ថ អធិការស្រុក នាយប៉ុស្តិ៍នគរបាលឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ ប្រជាការពារ បានចុះពិនិត្យមើលការសាងសាង់ផ្ទះឈើ១ខ្នងទំហំ ៤ម គុណនឹង៥ម ដែលជាការឧបត្ថម្ភរបស់ ឯកឧត្តម ប៉ុល រតនា និងឯកឧត្តម នឹម ច័ន្ទតាណា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ផ្ទះសាងសង់នេះផ្ដល់ជូនលោកតា ងឹម គូក អាយុ៧២ឆ្នាំដែលត្រូវរងគ្រោះដោយភ្លើងឆេះនាពេលថ្មីៗនេះ ដែលមានទីលំនៅភូមិព្រែកចង្ក្រាន ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
ចំពោះការចុះពិនិត្យនិងជួយសាងសង់ប្រជាពលរដ្ឋរស់នៅក្បែរលោកតា ងឹម គូក រួមទាំងគ្រួសារលោកតា ងឹម គូក មានការសប្បាយចិត្ត និងបានសរសើរដល់លោកអភិបាល សក្ដិសមជាមន្ត្រីនៅថ្នាក់មូលដ្ឋាន លោកមានគំនិតសប្បុរសធម៌ គិតគូរពីសុខទុក្ខ រាស្ត្រ មិនរើសអើង ហើយសូមបញ្ជាក់ថា នាពេលថ្មីៗកន្លងមកលោកបានដឹកនាំក្រុមការចុះផ្ដល់សំភារៈដល់គ្រួសារម្ដងរួចហើយនៅពេលភ្លើងឆេះផ្ទះ និងបានចែកសំភារៈដល់អ្នកផ្ទុកមេរោគអេដស៍ អ្នកគ្រោះថ្នាក់ដោយខ្សែភ្លើងឆក់ នៅភូមិល្វេ ភូមិអំបែងចេះ ឃុំល្វេ ទៀតផង។
បន្ទាប់មកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ លោកអភិបាលស្រុកបានយកថវិកាមូលនិធិសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានក្រុមកាងារខេត្តព្រៃវែង ទៅប្រគល់ជូនសិស្សសាលា២នាក់ដែលបានលង់ទឹកស្លាប់នៅ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាលខេត្តព្រៃវែង កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ កន្លងមកក្នុងម្នាក់ៗទទួលបានថវិកា២០០,០០០រៀលសំភារៈគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ព្រមទាំងលិខិតចូលរួមរំលែកទុក្ខរបស់សម្ដេចក្រឡាហោម ស ខេង ។
សូមបញ្ជាក់ផងដែរសិស្សដែលលង់ទឹកស្លាប់២នាក់ ១-ឈ្មោះភាសុភី ភេទស្រី អាយុ១៦ឆ្នាំ និង ២-ឈ្មោះ ប៊ូ សុខរស់ ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិស្វាយអាត់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ។ តំណាងក្រុមគ្រួសារទាំង២បានថ្លែងអំណរគុណចំពោះសម្ដេចក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំស្រុក ឃុំ ដែលបានគិតគូរ សុខទុក្ខ ដល់ពួកគាត់ ស្របតាមគោលនយោបាយដឹកនាំរបស់ប្រមុខរដ្ឋាភិបាលដែលមាន សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕ ដោយ មែន កំសត់