លោក គួច ចំរើន បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខណ្ឌដូនពេញ​

18-January-2016 | ដោយ មួយឡា

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦ នៅ​សាលាខណ្ឌ​ដូនពេញ​បានរៀបចំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល ក្រោម​អធិបតីភាព​លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ នៅ​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

​កិច្ចប្រជុំ​នេះដែរ មាន​វត្តមាន​ចូលរួម​ពី​លោក ស៊ិន វីរៈ ព្រះរាជអាជ្ញារង​រាជធានី​ភ្នំពេញ​-​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ លោក​មេបញ្ជាការ អាវុធហត្ថ​ខណ្ឌ លោក​អធិការនគរបាល​ខណ្ឌ លោក លោកស្រី​ចៅសង្កាត់​ទាំង​១១ មន្ត្រី​ការិយាល័យ​ពាក់ព័ន្ធ នាយប៉ុស្តិ៍​នគរបាល​ទាំង​១១ ព្រមទាំង លោក លោកស្រី​ប្រធាន​ផ្សារ​នៅក្នុង​ខណ្ឌ ប្រធាន​សន្តិសុខ​ខណ្ឌ​សង្កាត់ កម្លាំង​ប្រជា​កា​ពារ​ខណ្ឌ ។​

​អង្គប្រជុំ​នេះ បាន​ពិភាក្សា​លើ​របៀបវារៈ​ដូចជា​៖ ដាក់បទបញ្ជា​ឱសានវាទ​បញ្ឈប់​និង​បង្ក្រាប​ល្បែង​ហ្គេម​ទូទាំង​ខណ្ឌដូនពេញ និង​ដាក់​ឱសានវាទ បង្ក្រាប​កន្ទុយលេខ (​ឆ្នោត​) និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅក្នុង​ខណ្ឌដូនពេញ​។​

​នាឱកាស​នោះ លោក គួច ចំរើន អភិបាលខណ្ឌ​បាន​មានមតិ​បញ្ជាក់​នៅក្នុង​កិច្ចប្រជុំ​ថា​៖ ល្បែង​ហ្គេម​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ មាន​គ្រឿងញៀន ពង្វក់​ក្មេង​សិស្សសាលា​មិន​ឲ្យ​ចូល​សាលារៀន​។ ទាំងនេះ​ជា​កង្វល់​របស់​ប្រជាពលរដ្ឋ និង​ការយកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បាន​ក្រើនរំលឹក​ជារឿយៗ លោក​អភិបាល​ក៏បាន​បន្តថា​ល្បែង​ហ្គេម​នេះ ពេល​ថ្ងៃ​មិនមាន​សកម្មភាព​ទេ តែ​នៅ​ពេលយប់​មាន​សកម្មភាព​សឹង​ទល់​ភ្លឺ «​ស្ងាត់​ពេល​ថ្ងៃ​អ៊ូអរ​ពេលយប់​» សូមអ្នក​សារព័ត៌មាន​មេត្តា​ផ្តល់ព័ត៌មាន​ទាំងយប់​ទាំង​ថ្ងៃ ផ្តល់​មក​យប់​ចាប់​ទាំងយប់ ផ្តល់ព័ត៌មាន​មក​ពេល​ថ្ងៃ​ចាប់​ពេល​ថ្ងៃ​។​

​បន្ទាប់មក​លោក ស៊ិន វីរៈ ព្រះរាជអាជ្ញារង​បាន​សំដែង​ការគាំទ្រ​នូវ​ចំណាត់​ការដែល​លោក​អភិបាលខណ្ឌ​បានលើកឡើង​។ លោក​នឹង​សហការ​ដោយ​រីករាយ ដើម្បី​បញ្ចប់​ល្បែងស៊ីសង​ទាំងស្រុង​នៅក្នុង​ខណ្ឌដូនពេញ «​មិន​ថា​យប់​ថ្ងៃ​ទេ​ឲ្យ​តែ​បទល្មើស​ជាក់ស្តែង​» រូបលោក​ចូលរួម​ក្នុងការ​បង្ក្រាប​ជានិច្ច​ឲ្យ​តែ​សាលាខណ្ឌ​ផ្ដលព័ត៌មាន​។​

​លោក​អភិបាលខណ្ឌ​បានបញ្ជាក់​និង​សំណូមពរ​ដល់​លោក​ចៅសង្កាត់ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់ ដែលជា​មន្ត្រី​មូលដ្ឋាន​ចំបង ស្នើ​លោក​ចុះ​ពិនិត្យ​ក្នុង​ដែន​សមត្ថកិច្ច​គ្រប់គ្រង​របស់​អស់លោក បើ​មាន​ល្បែងស៊ីសង កន្ទុយលេខ (​ឆ្នោត​) និង​និយាយ​ឲ្យ​ចំ​ល្បែង​គ្រប់​ប្រភេទ​កើត នៅ​កន្លែង​ណា ផ្តល់ព័ត៌មាន​មក​កំលាំង​នឹង​ចេញទៅ​បង្ក្រាប​ទីតាំង​នោះ​ទាំងយប់​ទាំង​ថ្ងៃ​ដោយមាន​មន្ត្រី​ច្បាប់ និង​ព្រះរាជអាជ្ញារង​នៅ​ប្រចាំការ ហើយ​ការបង្ក្រាប​នេះ​គឺ​លែង​អប់​រំហើយ​ព្រោះ​វា​ស៊ាំ​ដដែលៗ​ពេក បើ​ចាប់បាន​គឺ​បញ្ជូនមក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​ជា​ធរមាន​តែម្ដង៕ ដោយ មែន កំសត់


ចំនួនអ្នកទស្សនា

    20236937

  • ថ្ងៃនេះ3271
  • ម្សិលមិញ2941
  • សប្តាហ៍នេះ6221
  • ខែនេះ26271
  • ឆ្នាំនេះ1009491
  • សរុប20236937