ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការសាលាខណ្ឌ និងសង្កាត់ ចុះពិនិត្យមើលផ្លូវបេតុងមួយខ្សែ ក្នុងភូមិព្រែកកំពឹស និងសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋភូមិព្រែកថ្លឹង និងភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ផ្លូវបេតុងដែលបានចុះពិនិត្យនាព្រឹកនេះ ជាផ្លូវបេតុងឆ្អឹងដែក ០១ខ្សែ ប្រវែង ៥០០ម៉ែត្រ ទទឹង០៤ម៉ែត្រ ស្ថិតក្នុងភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ស្ថិតក្នុងគម្រោងថវិការបស់រដ្ឋបាលខណ្ឌ ឆ្នាំ២០១៥ ដែលបានបើកការដ្ឋានស្ថាបនា ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ ហើយបានស្ថាបនារួច និងដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់នាពេលកន្លងមក។
លោក នុត ពុធដារ៉ា ប្រធានគណៈកម្មាធិការបក្សខណ្ឌបានមានមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រកបដោយភាពស្និទ្ធស្នាលក្រៃលែង និងបានលើកឡើងអំពីកិច្ចការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក្រោមការដឹកនាំ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
លោកអភិបាលក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធដែលជាសមិទ្ធផលរបស់មូលដ្ឋានយើង ឲ្យបានគង់វង្សយូរអង្វែង ទាំងនេះក៏ជាផ្នែកមួយក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសរបស់យើងផងដែរ៕