ត្បូងឃ្មុំ៖ ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៦ នៅមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំបានប្រារព្វទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិកាក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជា និងលោក ប្រធាន អនុប្រធានមន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀង កំពង់ធំ មណ្ឌលគិរី លោកគ្រូពេទ្យអ្នកគ្រូពេទ្យ និង ក្រុមហ៊ុនសហការវេជ្ជសាស្ត្រ ចំនួន១១ផ្សេងទៀត សរុបប្រមាណ ១៨០នាក់។
ជាកិច្ចចាប់ផ្តើមនៃកម្មវិធី លោកវេជ្ជបណ្ឌិត ឆន មុនី ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ បានអញ្ជើញធ្វើរបាយការណ៍ការងារ ផែនការ ចំនុចខ្លាំង បញ្ហា និង ដំណោះស្រាយ សង្ខេបដូចតទៅ៖ សកម្មភាព ផ្សព្វផ្សាយក្រមសីលធម៌បាន១លើក ,ផ្សព្វផ្សាយសេចក្តីសម្រេចនិង បទបញ្ជាផ្ទៃក្នុង ១លើក , ការងារបង់វិភាគទានរបស់សមាជិក, ចូលរួមទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រ នៅតាមបណ្តាខេត្តនានា ដើម្បីលើកកម្ពស់ សមត្ថភាព ជំនាញវិជ្ជាជីវៈដល់មន្ត្រី ផ្នែកវេជ្ជសាស្ត្រ ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីកសាងបាននូវទំនុកចិត្តពីប្រជាពលរដ្ឋ , តាមដានត្រួតពិនិត្យ និងវាយតំលៃគុណភាពសេវានិងចាត់វិធានការទាន់ពេលវេលាក្នុងកាកែតម្រូវ ចំនុចខ្វះខាត ដើម្បីធ្វើអោយគុណភាពនៃការព្យាបាលជំងឺកាន់តែមានប្រសិទ្ធភាពនិងបានទំនុកចិត្តពីអ្នកជំងឺ។
រីឯបញ្ហាប្រឈមមានដូចជា គណៈគ្រូពេទ្យមិនទាន់ធ្វើបច្ចុប្បន្នភាពពេញលេញ ធនធានមនុស្សមានសមត្ថភាពសំរាប់ចុះអនុវត្តន៍មានកំរិត គ្រូពេទ្យទើបមានក្របខណ្ឌថ្មីមួយចំនួន នៅពុំទាន់បានដាក់ពាក្យសុំចុះឈ្នោះក្នុងបញ្ជីគណៈគ្រូពេទ្យ។ ជារួមមក គណៈគ្រូពេទ្យខេត្តត្បូងឃ្មុំមានដំណើរការទៅដោយរលូន ដោយមានការ សហការបានល្អជាមួយ ក្រសួងសុខាភិបាល ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជា មន្ទីរសុខាភិបាល និងកងកម្លាំងមានសមត្ថកិច្ច។
បន្ទាប់ពីអានរបាយការណ៍សង្ខេបចប់ ឯកឧត្តម សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិកាក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជា ក៏បានមានមតិសំណេះសំណាល នៅក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១នេះថា៖ ទិវានេះ ពិតជាមានបំណងពង្រឹងនិងលើកកំពស់សមត្ថភាព បច្ចេកទេស គ្រូពេទ្យ នៃខេត្តនិងតំបន់អោយមានការចេះដឹងបន្ថែមថ្មីថែមទៀត តាមរយៈការធ្វើបទបង្ហាញពីករណីជំងឺ របស់គ្រូពេទ្យទាំងឡាយនៃខេត្តត្បូងឃ្មុំនិងខេត្តផ្សេងៗដែលសំខាន់ៗនិងពិសេសពីសាស្ត្រាចារ្យថ្នាក់ជាតិ ដែលមានបទពិសោធន៍ខ្ពស់។
ទិវានេះពិតជាអាចរួមចំណែកមួយនៃការហ្វឹកហាត់ពង្រឹងបន្ថែម លើសមត្ថភាព នៃគ្រូពេទ្យទាំងអស់ តែយ៉ាងណាម៉ិញគ្រូពេទ្យទាំងអស់ត្រូវតែធ្វើការ បណ្តុះបណ្ដាលដោយខ្លួនឯង ដោយចូលរួមក្នុងកម្មវិធីណ្តុះបណ្ដាល និងអានទស្សនាវដ្ដីវេជ្ជសាស្រផ្សេងៗថែមទៀត។
ជាចុងក្រោយឯកឧត្តម បានបន្ត ដោយលោកសង្ឃឹមថាគ្រូពេទ្យទាំងអស់ ក្រោយពីបានបញ្ចាប់ វគ្គសិក្ខាសាលានេះទៅ និង អាចយកចំណេះដែលសិក្សានាថ្ងៃនេះទៅអនុវត្តន៍ ដើម្បីគោរពអោយបាននូវក្រមសីលធម៌ វិជ្ជាជិវៈគ្រូពេទ្យ និងគន្លឹះថ្មីៗពីការព្យាបាលថែទាំអ្នកជំងឺដើម្បីជាទំនុកចិត្តដល់គ្រួសារអ្នកជំងឺ អ្នកជំងឺ ព្រមទាំង ខ្លួនឯងផ្ទាល់ផងដែរ៕ ហ៊ាង អ៊ាមហុយ