កណ្ដាល៖ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ នៅសាលាខេត្តកណ្ដាលបានរៀបចំកិច្ចប្រជុំពិភាក្សាលើការដោះស្រាយទំនាស់ដីធ្លីក្នុងក្របខណ្ឌ ខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល។
ក្នុងពិធីនេះក៏មានវត្តមានអញ្ជើញចូលរួម ពីឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមលោកជំទាវអភិបាលរងខេត្ត លោកប្រធានសាលាដំបូងខេត្តកណ្ដាល លោកស្នងការនគរបាលខេត្ត អាវុធហត្ថបញ្ជាការសឹករងខេត្ត លោកប្រធានមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត លោកអភិបាលស្រុក រួមទាំងមន្ត្រីនៃមន្ទីរពាក់ព័ន្ធច្រើនរូបទៀត ។
បន្ទាប់ពីស្ដាប់របាយការណ៍របស់តំណាងមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ខេត្តកណ្ដាលស្ដីពីការដោះស្រាយនិងសំរបសំរួលទំនាស់ដីធ្លី និងសំណុំរឿងបញ្ជូនទៅថ្នាក់តុលាការ បន្តការដោះស្រាយនាពេលកន្លងមក ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាលបានមានមតិលើកឡើងថា៖ បញ្ហាដីធ្លីជាបញ្ហាចោទនិងចំបងនៅមូលដ្ឋាន ដូចនេះនៅពេលមានទំនាស់ម្ដងៗមន្ត្រី អ្នកសំរបសំរួលតែងតែជួបការលំបាក ពិសេសទំនាស់ដីរវាងឧកញ៉ារំលោភបំពានមកលើពលរដ្ឋដែលជាចំណុចក្ដៅគគុករបស់រដ្ឋាភិបាល និង អាជ្ញាធរយើង ព្រមទាំងជាបញ្ហាប្រឈមរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ជុំវិញបញ្ហានេះ ស្នើដល់គ្រប់បណ្ដាអង្គភាពដែលពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់លើចំណុចនេះឲ្យមានប្រសិទ្ធភាព ហើយត្រូវចូលរួមការផ្សព្វផ្សាយ អំពីច្បាប់ភូមិបាល សុរិយោដី ជូនអ្នកកាន់កាប់អ្នកប្រើប្រស់ (ភោគៈ) អ្នកអាស្រ័យផល និងប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានយល់ដឹងបន្ថែមទៀត។
ឯកឧត្តមក៏បានសំណូមពរយ៉ាងទទួចដល់ស្ថាប័នតុលាការក៏ត្រូវបង្កើនការយកចិត្តទុកដាក់ ថ្លឹងថ្លែង ដោះស្រាយសហការជាមួយមន្ទីរជំនាញ គឺមន្ទីរដែនដីនគរូបនីយកម្មសំណង់និងសំណង់ ជៀសវាងការដោះស្រាយបំពានច្បាប់ បណ្ដាលឲ្យមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ។
ឯកឧត្តមបានបញ្ជាក់ផងដែរថា ត្បិតតែតុលាការជាស្ថាប័នឯករាជ្យមែនតែការសម្រេច ដោះស្រាយ សាលក្រមមេត្តាពិនិត្យ ឲ្យបានត្រឹមត្រូវផង កុំបោះបង់ចោលមូលដ្ឋានស្រុកឃុំដែលជាមន្ត្រីនៅផ្ទាល់ គៀកនិងរងសំពាធខ្លាំងជាងគេ ហើយរាល់ការសម្រេចសូមឆ្លងមកសាលាខេត្តផង ជៀសវាងមានបញ្ហាជះទឹកដាក់គ្នា ខ្វះការទទួលខុសត្រូវចំពោះមុខថ្នាក់ដឹកនាំក្រសួងនិងរាជរដ្ឋាភិបាល។
ជាទីបញ្ចប់ ឯកឧត្តមបានថ្លែងអំណរគុណចំពោះលោកលោកស្រីដែលបានចូលរួមលើកិច្ចប្រជុំពិភាក្សានេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់និងយកចិត្តទុកដាក់បំផុត៕ ដោយ មែនកំសត់