ព្រៃវែង៖ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១៦ រដ្ឋបាលសាលាខេត្តព្រៃវែងបានរៀបចំកិច្ចប្រជុំដែលជាកិច្ចប្រជុំលើកដំបូងស្ដីពី ការរៀបចំនិរន្តរភាព ភាពទំនាក់ទំនងគ្នារវាងមន្ត្រីរដ្ឋបាលខេត្តព្រៃវែង គណៈអភិបាលនិងប្រធានមន្ទីរនានាជុំវិញខេត្ត កងកំលាំងទាំងបីប្រភេទ (ស្នងការនគរបាល អាវុធហត្ថ បញ្ជាការសឹករងខេត្ត ) ក្រោមអធិបតីភាព ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ។
កិច្ចប្រជុំលើកដំបូងនេះមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកប្រធានមន្ទីរជុំវិញខេត្ត កងកំលាំងទាំងបីប្រភេទ (ស្នងការនគរបាល អាវុធហត្ថខេត្ត បញ្ជាការសឹករង) និងលោកលោកស្រីជាមន្ត្រីរាជការសាលាខេត្តព្រៃវែងជាច្រើនរូបទៀត។
បន្ទាប់ពីស្តាប់សេចក្តីរាយការណ៍ បញ្ហា ប្រឈម និង សំណូមពរក៏ដូចជាសមិទ្ធផលនានាដែលអនុវត្តន៍បាននាពេលកន្លងមករបស់បណ្ដាមន្ទីរ ជុំវិញខេត្ត ឯកឧត្តម ជា សុមេធី បានដាក់ចេញនូវវិធានការមួយចំនួនដើម្បី ដោះស្រាយនូវកង្វល់របស់ប្រជាពលរដ្ឋ រួមមានការបំរើសេវារដ្ឋបាល លើលិខិតស្នាម កាលកំណត់ភាពទៀងទាត់នៃការប្រជុំរដ្ឋបាល ប្រជុំបញ្ជាការឯកភាព ប្រជុំក្រុមប្រឹក្សាឃុំ គណៈអភិបាល ពេលវេលាធ្វើការរបស់មន្ត្រី របៀបរបបរបាយការណ៍ ការដោះស្រាយបញ្ហាផ្សេងៗ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ចំណុចទាំងអស់នេះជាគ្រឹះចំបង ក្នុងរដ្ឋបាលខេត្ត ត្បិតតែរូបខ្ញុំទើបតែចូលកាន់តំណែងបានរយៈពេលតែ១៥ថ្ងៃ រូបខ្ញុំក៏អាចយល់ដឹងតាមការស្រាវជ្រាវ និងសិក្សាស្វែងយល់ លើសៀវភៅគ្រប់គ្រងរដ្ឋបាលតួនាទីរវាងក្រុមប្រឹក្សា គណៈអភិបាល និងក្រសួងស្ថាប័ន មន្ទីរដែលពាក់ព័ន្ធដែរ ដូចនេះយើងត្រូវរួមគ្នា ចូលរួមអនុវត្តន៍ឲ្យមានប្រសិទ្ធភាពខ្ពស់ ឯកឧត្តមបានលើកឡើងបន្តថា នៅពេលខ្ញុំចូលកាន់តំណែងថ្មីៗ មានករណីធំៗ២- គឺ ករណី លោកអធិការស្រុកស្វាយអន្ទរបាញ់ប្រជាពលរដ្ឋស្លាប់ នៅពេលបង្ក្រាបល្បែងជល់មាន់ និងមួយទៀតលោកអភិបាលស្រុកពាមរក៏ ស្រវឹងស្រាបើកឡានបុកប្រជាពលរដ្ឋស្លាប់ ១នាក់ ករណីទាំង២ខាងលើ ជនបង្កត្រូវបានសាលាដំបូងខេត្ត ចាត់វិធានការទៅតាមច្បាប់។
ឯកឧត្តមបានបន្ថែមថា រូបខ្ញុំមិនមានការកាន់ជើងគាំទ្រអ្នកណាម្នាក់ដែលធ្វើខុស ទោះជាខ្ញុំធ្វើខុស ក៏សូមឲ្យច្បាប់ ផ្ដន្ទាទោសដែរ ប្រជាពលរដ្ឋគាត់ក៏ជាមនុស្សដែរ ហេតុនេះសូមមន្ត្រីស្ដាប់ និងអនុវត្តន៍តាមកុំយកគ្រឿងស្រវឹងមកដាក់ធ្វើជាត្រីមុខ បើដឹងរឿងមកដល់ដៃខ្ញុំ ខ្ញុំជំរុញបន្ថែម។
ឯកឧត្តម ជា សុមេធី ក្នុងនាមគណៈបញ្ជាការរដ្ឋបាលខេត្ត បានដាក់និងលើកទិសដៅអនុវត្តន៍បន្តសំរាប់មន្ទីរជុំវិញខេត្ត និងមន្ត្រីសាលាខេត្ត សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តន៍ប្រកបដោយភាពទទួលខុសត្រូវខ្ពស់លើការងារមួយចំនួនដូចជា៖ កាងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបំរើសេវាសាធារណៈ ការដោះស្រាយបញ្ហា ផ្សេងៗ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេល ជំរុញការផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោក និងឲ្យម្ចាស់យានយន្ត រួសរាន់បំពេញឯកសារឲ្យបានគ្រប់គ្រាន់នៅមុនថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ សហការជាមួយមន្ត្រីនិងក្រុមការងារអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ កាត់បន្ថយបទល្មើសដែលកើតមាននៅក្នុងមូលដ្ឋាន៕ ដោយ មែន កំសត់