ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២០ ខែ មករា ឆ្នាំ២០១៦ លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ មន្ត្រីសាលាខណ្ឌ មន្ត្រីគាំទ្របច្ចេកទេសគំរោងខណ្ឌ លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ គណៈកម្មការគ្រប់គ្រងគំរោងហេដ្ឋារចនាសម្ព័ន្ធសង្កាត់ និងលោកមេភូមិ តំណាងប្រជាពលរដ្ឋ បានធ្វើការចុះពិនិត្យការដាក់លូនៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាគម្រោងអភិវឌ្ឍន៍ឆ្នាំ២០១៥ របស់សាលាខណ្ឌមានជ័យ ។
យោងតាមការបញ្ជាក់របស់លោកមន្ត្រីបច្ចេកទេសគំរោងបានឲ្យដឹងថា គំរោងខាងលើនេះបានធ្វើការប្រកួតដេញថ្លៃតាំងពីចុងឆ្នាំ២០១៥ ហើយបានជ្រើសរើសបានអ្នកទទួលការឯកជនមួយនៅក្នុងខណ្ឌ ជាអ្នកម៉ៅការសាងសង់និងដាក់ប្រព័ន្ធលូ បច្ចុប្បន្នគំរោងខាងលើនេះកំពុងអនុវត្ត ទៅតាមគំនូសប្លង់បច្ចេកទេស បទដ្ឋាននានានៅក្នុងលក្ខខណ្ឌនៃកិច្ចសន្យារវាងម្ចាស់គំរោង សាលាខណ្ឌ និងអ្នកទទួលការគំរោង ជាលទ្ធផលគំរោងអនុវត្តន៍បានប្រហែល៧០ទៅ៨០ភាគរយហើយ។
នាឱកាសនោះលោក ពេជ្រ កែវមុនី អភិបាលខណ្ឌ និងជាប្រធានគណៈកម្មការគ្រប់គ្រងគំរោងខណ្ឌ បានមានមតិនិងសំណូមពរ ដល់អ្នកទទួលការ មេត្តាអនុវត្តន៍ តាមគំនូសប្លង់បច្ទេកទេស និងគោរពនូវលក្ខខណ្ឌកិច្ចសន្យា ដើម្បីធានាបានគុណភាពខ្ពស់និងការប្រើប្រាស់ យូរអង្វែង ហើយថ្នាក់សង្កាត់ ជាជនបង្គោលត្រួតពិនិត្យ ត្រូវចូលរួមតាមដានពិនិត្យ ជាមួយតំណាងអ្នកទទួលផល ប្រជាពលរដ្ឋ មេភូមិ ជាប់ជាប្រចាំ ដើម្បីមានមូលដ្ឋានវាយតំលៃ និងសម្រេចបើកប្រាក់ទូទាត់ប្រាក់ជូនអ្នកទទួលការតាមជំហាន ស្រប តាមសៀវភៅណែនាំស្ដីអំពីនិតិវិធីនៃការអនុវត្តន៍គំរោងមូលនិធិខណ្ឌសង្កាត់ដែលចេញដោយគណៈកម្មាធិការជាតិដឹកនាំការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គជអប)៕ ដោយ មែន កំសត់