ព្រៃវែង៖ នាថ្ងៃទី១៩ ខែ មករា ឆ្នាំ២០១៦ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស៊ីធរកណ្ដាលបានរៀបចំកិច្ចប្រជុំប្រចាំខែមករា ក្រោមអធិបតីភាពលោក ម៉ន នីបណ្ឌិត អភិបាលនៃគណៈស្រុកស៊ីធរកណ្ដាល។
ពិធីប្រជុំនេះ ក៏មានការចូលរួមពី លោក លោកស្រីអភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ (អធិការនគរបាលអាវុធហត្ថ បញ្ជាការសឹករងស្រុក) ប្រធានការិយាល័យ មន្ត្រីសាលាស្រុក មេឃុំ នាយប៉ុស្តិ៍ ប្រធានមណ្ឌលសុខភាពគ្រប់ឃុំ។
មន្ត្រីរដ្ឋបាលសាលាស្រុកបានធ្វើរបាយការណ៍ស្ដីពីការអនុវត្តន៍ការងាររដ្ឋបាលដែនដី និងការពារការសន្តិសុខសណ្ដាប់ធ្នាប់ ការដោះស្រាយសេវាសាធារណៈជូនប្រជាពលរដ្ឋ ការចុះសកម្មភាពសួរសុខទុក្ខ របស់ថ្នាក់ដឹកនាំ និងក្រុមការងារគណៈពង្រឹងមូលដ្ឋានស្រុក ឃុំ ការងារអភិវឌ្ឍន៍ ការដោះស្រាយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ការបម្រើសេវាលើលិខិតស្នាមនានា ពិសេសអាត្រានុកូលដ្ឋាន ការងារភូមិឃុំមានសុវត្ថិភាព កាងារផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងសកម្មភាពផ្សេងៗរបស់រដ្ឋបាលសាលាស្រុក បញ្ហាប្រឈម សំណូមពរ និងផែនការលើកទិសដៅបន្តសំរាប់ខែបន្ទាប់។
នាឱកាសនោះ លោក ម៉ន នីបណ្ឌិត អភិបាលស្រុកក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានមានមតិ និងថ្លែងអំណរគុណចំពោះមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមសហការ តាមការដឹកនាំ និងចង្អុលបង្ហាញរបស់លោក ពិសេសកងកម្លាំងទាំង៣ លោកមេឃុំ មេភូមិ រួមទាំងប្រជាការពារ ដែលខិតខំយ៉ាងផុសផុលចូលរួមក្នុងសកម្មភាព ផ្សេងៗដូចជាការងារមនុស្សធម៌កន្លងមក ដូចនេះដើម្បីអភិវឌ្ឍន៍សង្គមតទៅមុខទៀតយើងត្រូវបង្កើនកិច្ចសហប្រតិបត្តិការ រួមគ្នា លើការអភិវឌ្ឍន៍នៅមូលដ្ឋាន លោកក៏បានបញ្ជាក់បន្ថែម ស្នើដល់អាជ្ញាធរ សមត្ថកិច្ចបង្កើនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ឲ្យបានល្អប្រសើរ និងចូលរួមផ្សព្វផ្សាយច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី ហើយឲ្យម្ចាស់យានយន្តគ្រប់ប្រភេទរួសរាន់ទៅបំពេញឯកសារឲ្យបានគ្រប់គ្រាន់នៅមុនថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ជៀសវាងការផាកពិន័យ។
បន្ទាប់មកនាព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៦ ទោះបីជាផ្លូវមានការលំបាកខ្លះក៏ដោយ ក៏មិនរាថយ ដើម្បីការដោះស្រាយបញ្ហាប្រជាពលរដ្ឋជាចំបង អភិបាលស្រុកស៊ីធរកណ្ដាល លោក ម៉ន នីបណ្ឌិត និង មន្ត្រីការិយាល័យជំនាញសាលាស្រុកមាន លោកប្រធានការិយាល័យធនធានទឹក ការិយាល័យកសិកម្ម, ករិយាល័យសុខាភិបាល, ការិយាល័យសំណង់ភូមិបាលសុរិយោដី មេឃុំ ជំទប់ មេភូមិនាយប៉ុស្តិ៍ និង ប្រជាជន បានចុះពិនិត្យទីតាំងបូមទឹកជួយស្រោចស្រពផ្ទៃដីស្រែរបស់ប្រជាកសិករ នៅភូមិតាង៉កទន្លេ ឃុំព្នៅ២ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ប្រមាណ៦០០ ហិចតា រហូតដល់ប្រមូលផលអស់។ ប្រជាពលរដ្ឋមានក្ដីត្រេកអរឥតឧបមា ដែលលោកអភិបាល និងមន្ត្រីដែលចំណាយពេលចុះមកពិនិត្យ និងជួយសង្គ្រោះក្នុងការបូមទឹកជាសំភារៈក្ដីជាកំលាំងកាយក្ដី លើការស្រោចស្រពដំណាំស្រូវ សបញ្ជាក់ឲ្យឃើញថា ថ្នាក់ដឹកនាំប្រកបដោយសុភវិនិច្ឆ័យ និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋមិនគិតអំពីការនឿយហត់ឡើយ៕ ដោយ មែន កំសត់