ភ្នំពេញ៖ ពិធីប្រកាសឡើងកាន់តំណែងថ្មី របស់ប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្តកំពង់ចាម នាថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម លន់ លឹមថៃ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាមព្រមទាំងមានវត្តមានចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកអភិបាលស្រុក លោកប្រធានការិយាល័យអប់រំយុវជននិងកីឡាស្រុក លោកគ្រូអ្នកគ្រូជាច្រើនរូបផងដែរ។
លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត ដែលទើបចូល កាន់តំណែងថ្មី បានប្តេជ្ញាចិត្ត យ៉ាងម៉ឺងម៉ាត់ថា គោរព និងប្រតិបត្តិ ទំនាក់ទំនង ,របៀបរបបធ្វើការ បែងចែកភារកិច្ច តាមដានលើកការខុសត្រូវ រៀបចំផែនការ ពង្រឹងសមត្ថភាព មន្ត្រីក្រោមឱវាទ អោយកាន់តែមានវិជ្ជាជីវៈ និងបច្ចេកទេស គន្លឹះថ្មីៗ ដើម្បីអនុវត្តន៍ អោយទទួលបាននូវភាពជោគជ័យ ទាំងអស់គ្នា និង គោររពតាម គោលនយោបាយ ដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល កម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ។ ប្តេជ្ញាគោរព អនុវត្តន៍ឲ្យបានត្រឹមត្រូវ តាមបទវិន័យ និងក្រមសីលធម៌ និងជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីធានានូវគុណភាពអប់រំ និងលើកស្ទួយការអភិវឌ្ឍអង្គភាព ស្របតាមគោលការណ៍របស់ក្រសួង អប់រំ និងគណៈអភិបាលខេត្ត ។
នាឱកាសនោះឯកឧត្តម អភិបាលខេត្តកំពង់ចាម លន់ លឹមថៃ បានថ្លែងថា អបអរសាទរ ដល់លោក លី ម៉េងសាន ដែលបានឡើនកាន់តំណែងថ្មីនេះ។ ទន្ទឹមនឹងនេះ លោក លី ម៉េងសាន ត្រូវគោរពនិងធ្វើអោយបាននូវមតិប្ដេជ្ញាចិត្តរបស់ខ្លួន ដើម្បីធ្វើអោយមានគុណភាព និង ការអភិវឌ្ឍនូវក្នុងវិស័យអប់រំ របស់យើង ។
ក្រោយមកលោក ឯកឧត្តម បណ្ឌិត ហង់ ជួនណារ៉ុង បានអញ្ជើញមានមតិសំណេះសំណាល ក្នុងកម្មវិធីនោះផងដែរ ដោយលោកមានសេចក្តីសប្បាយរីករាយ និង ចូលរួមអបរសាទរ ដល់លោកប្រធាន មន្ទីរអប់រំ យុវជន និងកីឡាថ្មី និងបានបង្ហាញនិង ណែនាំពីនីតិ វិធីដែលគ្រប់គ្រងឲ្យមានប្រសិទ្ធភាព នៅក្នុងអង្គភាពដល់លោកប្រធានមន្ទីរថ្មី ដើម្បីជាគន្លឹះ ក្នុងការដឹកនាំអោយមានគុណភាព និងអាចធ្វើអោយវិស័យអប់រំរបស់ប្រទេសកម្ពុជារបស់យើង កាន់តែរីកចំរើនថែម មួយកំរិតទៀត៕ ដោយ ហ៊ាង អ៊ាមហុយ
ប្រែសម្រូលដោយ មែន កំសត់