ឯកឧត្តម គីម រិទ្ធី បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​អប់រំ​ប្រចាំឆ្នាំ​២០១៥ និង​លើក​ទិសដៅ​បន្ត​សំរាប់​ឆ្នាំ​២០១៦

22-January-2016 | ដោយ មួយឡា

កណ្ដាល​៖ នា​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ ហ៊ុន សែន ក្រុង​តាខ្មៅ​មាន​ប្រារព្ធ​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​អប់រំ យុវជន និង​កីឡា ខេត្តកណ្តាល​ឆ្នាំ​សិក្សា ២០១៤-២០១៥ និង​លើក​ទិសដៅ​សកម្មភាព​ការងារ​ឆ្នាំ​សិក្សា​២០១៥-២០១៦ ក្រោម​អធិបតីភាព​ឯកឧត្តម គីម រិទ្ធី អភិបាលរង​ខេត្ត តំណាង ឯកឧត្តម ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល​។​

​ស​និ្ន​បាត​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរអប់រំ​ខេត្ត តំណាង​អភិបាលស្រុក លោក​លោកស្រី​ប្រធាន អនុប្រធាន​ការិយាល័យ​ក្រោម​ឱវាទ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​តំណាង​អង្គការ​ជាតិ អន្តរជាតិ តំណាង​អាជ្ញាធរ​ឃុំ លោក គ្រូ​អ្នកគ្រូ សរុប​ចំនួន​ប្រមាណ ៤៤៦​នាក់​។​

​ពិធី​នេះ ប្រព្រឹត្តទៅ​រយៈពេល ០២​ថ្ងៃ គឺ​ថ្ងៃទី​២១-២២ ខែមករា ឆ្នាំ​២០១៦ ដោយ​ធ្វើការ​ពិភាក្សា​ជារួម​លើ​អនុវិស័យ​ទាំង​៦ មានដូចជា​៖ លទ្ធផល​ការងារ​សម្រេចបាន​និង​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម​នានា​ដែល​បាន​ជួបប្រទះ​នាឱកាស​នោះ ឯកឧត្តម គីម រិទ្ធី អភិបាលរង​ខេត្ត បាន​មានមតិ និង​កោតសរសើរ​ចំពោះ​មន្ត្រី​បំរើកា​រងារ នៅ​មន្ទីរអប់រំ​ខេត្ត ការិយាល័យ និង​លោកគ្រូ​អ្នកគ្រូ ដែល​បាន​បង្ហាត់បង្រៀន​ដល់​សិស្សានុសិស្ស​ប្រកបដោយ​ភាព​យកចិត្តទុកដាក់​ខ្ពស់ មាន​វិជ្ជាជីវៈ ហើយ​ទប់ស្កាត់បាន​នូវ​រាល់​បាតុភាព​អសកម្ម​បានល្អ ពោលគឺ​ចូលរួម​ការបង្ក្រាប ដោយ​សហការ​ជាមួយ​អាជ្ញាធរ សហគមន៍  មិន​ឲ្យ​មានការ​ប្រើប្រាស់​គ្រឿងញៀន ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​អំពើ​អានា​ចា​រ្យ​នានា​ចំពោះ​សិស្ស​មធ្យមសិក្សា​។

​ក្នុងនោះ​ឯកឧត្តម​ក៏បាន​បញ្ជាក់ថា ចំពោះ​ករណី​សិស្ស​ណា​ដែល​ប្រព្រឹត្ត រាល់​អំពើ​ដែល​ប្រាសចាក​សង្គម​ខុសសីលធម៌ លោកនាយក លោកគ្រូ​អ្នកគ្រូ​ប្រចាំ​ថ្នាក់​ត្រូវ​តាមដាន និង​រាយការណ៍​ដល់​អាជ្ញាធរ សមត្ថកិច្ច ដើម្បី​មាន​វិធានការណ៍ បន្ទាប់មក​ជូន​ព័ត៌មាន​ទៅដល់​អាណាព្យាបាល ឲ្យ​ដឹងលឺ​លើ​ការប្រព្រឹត្ត​របស់​កូនៗ​ពួកគាត់ ដូច​អាណាព្យាបាល​ខ្លះ​គាត់​បាន​ចោទថា អាជ្ញាធរ​យើង ទំលាក់កំហុស​ដាក់​កូន​គាត់​ដើម្បី​បង្គាប់​ទារលុយ លើ​ចំណុច​នៃ​ការប្រព្រឹត្ត ទាំងអស់នេះ ជា​ចំណុច​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល​និង​ក្រសួងមហាផ្ទៃ ដាក់​ឲ្យ​រដ្ឋបាល​គ្រប់​ស្ថាប័ន ត្រូវ​រួមគ្នា​អនុវត្តន៍ ពិសេស​វិស័យ​អប់​រំជា​គ្រឹះ​ចំបង ។​

ឯកឧត្តម​បាន​សំណូមពរ ឲ្យ​មន្ត្រី​អប់រំ​ទាំងអស់​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ហើយ​ចូលរួម​ផ្សព្វផ្សាយ ដល់​អាណាព្យាបាល​ដែលមាន​កូនតូច អាយុ​ក្រោម​៦​ឆ្នាំមុន​ចូល​ថ្នាក់បឋមសិក្សា គឺ​ត្រូវ​ឲ្យ​គាត់​យកទៅ​ចូលរៀន​នៅ​សា​លាម​ត្តេ​យ្យ​សិន ព្រោះ​គម្រោង​របស់​ថ្នាក់ជាតិ​ផ្ដោត​សំខាន់​ណាស់​លើ​កុមារ​តូច កុមារ​មេត្រី​យ ហើយ​ការិយាល័យ​អប់រំ ត្រូវ​លើក​ផែនការ​ចូលរួម​ក្នុង​កិច្ចការ​អនុវត្តន៍​ផែនការ​វិនិយោគ​៣​ឆ្នាំ​រំកិល​របស់​ថ្នាក់​ខេត្ត​ស្រុក​ឃុំ គំរោង​ម​ត្តេ​យ្យ​សហគមន៍ ការអប់រំ​កុមារ​តូច​នៅតាម​ផ្ទះ តាម​សហគមន៍ ដែលមាន​អង្គការ​សំខាន់ៗ​ជា​ដៃគូ និង​ក្រសួង​កិច្ចការនារី ក្រសួង​អប់រំ​និង​ការពិនិត្យ​តាមដាន​ពី​ក្រសួង​អភិវឌ្ឍន៍ រួមទាំង​ស្ថាប័ន​ផ្សេងៗ  សារៈ​ខាន់​លើ​គំរោង​កុមារ​តូច កុមារ មេត្រី​យ កុមា​រម​ត្តេ​យ្យ គឺ​ធ្វើ​ឲ្យ​កុមារ​ចេះ​សំរបសំរួល​ខ្លួន​និង​ភាពស៊ាំ ហើយ​យល់ដឹងបាន​ច្រើន​មុន​ចូល​ថ្នាក់​បឋម​និង​កុមារ​ចេះ​វិវត្តន៍​ខ្លួនឯង​ច្រើនជាង​កុមារ​ដទៃ ដែល​មិនបាន​ចូលរៀន​លើ​គំ​រាង​អប់រំ​កុមារ​តូច​នេះ​។​

​ក្នុងឱកាស​នោះ​ឯកឧត្តម​បាន​ថ្លែងអំណរគុណ​ដល់​សមាជិក​សមាជិកា​នៃ​អង្គសន្និបាត ទាំងអស់​ដែល​បាន​ចំណាយពេល​ចូលរួម​ក្នុងការ​បូកសរុប​ការងារ​ប្រចាំ​ឆ្នាំនេះ សង្ឃឹមថា​ចំណុច​បញ្ហា​ប្រឈម​និង​សំណូមពរ ឬ​ការងារ​អសកម្ម​ត្រូវ​រួមគ្នា​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេល ដើម្បី​ចូលរួម​លើក​កំពស់​ផ្នែក​អប់រំ ធនា​បានការ​អភិវឌ្ឍ គង់វង្ស​ចីរកាល ស្របតាម​គោលនយោបាយ​របស់​រដ្ឋ​៕ ដោយ​មែន កំសត់

ចំនួនអ្នកទស្សនា

    20236947

  • ថ្ងៃនេះ3281
  • ម្សិលមិញ2941
  • សប្តាហ៍នេះ6231
  • ខែនេះ26281
  • ឆ្នាំនេះ1009501
  • សរុប20236947