កំពង់ឆ្នាំង៖ ឆ្នាំនេះក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទសហការជាមួយអាជ្ញាធរខេត្តកំពង់ឆ្នាំងរៀបចំធ្វើពិធីបុណ្យ ដាលានដែលជាបុណ្យប្រពៃណីដ៏សំខាន់ របស់ប្រជាកសិករខ្មែរ នៅលើទឹកដីនៃភូមិស្ពករាជ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានថ្លែងដោយគូសបញ្ជាក់ថា ពិធីបុណ្យដាលានជាពិធីបុណ្យទាក់ទងទៅនិងជំនឿសាសនា ដែលប្រជាពលរដ្ឋខ្មែរភាគច្រើន ជាកសិករ តែងតែប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរក្សាអោយបាននូវអត្តសញ្ញាណព្រលឹងជាតិខ្មែរអោយបានគង់វង់ ក៏ដូចជាបង្កឱកាសដល់បងប្អូនប្រជាកសិករ អោយបានជួបជុំញាតិមិត្តជិតឆ្ងាយ ពង្រីកចំណងសាមគ្គីភាពមិត្តភាពនិងចូលរួមផ្លាស់ប្តូរមតិយោបល់គ្នា លើការងារបង្កបង្កើនផលឆ្នាំកន្លងមក ហើយជាពិសេសដើម្បីចូលរួម កំសាន្តសប្បាយបន្ទាប់ពីបានចំណាយនូវកម្លាំងកាយ កម្លាំងចិត្តគ្រប់បែបយ៉ាង ក្រោមកំដៅព្រះអាទិត្យ និង ភ្លៀងផ្គរ យ៉ាងប្តូរផ្តាច់ អស់រយៈពេលពេញមួយរដូវ ។
លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថាពិធីបុណ្យដាលានបានបង្កប់នូវ អត្ថន័យដ៏មានអត្ថប្រយោជន៍ច្រើនក្នុងការជំរុញការអភិវឌ្ឍវិស័យ កសិកម្ម ក៏ដូចជាការអប់រំកសិករ អោយចេះសន្សំសំច័យ និង ស្រលាញ់ស្រូវដូចជាស្រលាញ់ម្តាយ និងជីវិតរបស់ខ្លួនឯង ដូចពាក្យបុរាណពោលថា (ស្រូវជាព្រះមេរុ) ដែលយើងយកស្រូវទុកដាក់ថែរក្សា ដើម្បីបង្កើនផលិតកម្ម និង កែលម្អគុណភាពស្រូវអោយកាន់តែល្អប្រសើរឡើងសំដៅលើកកម្ពស់ជីវភាព រស់នៅ របស់ប្រជាពលរដ្ឋនិងលើកស្ទួយសេដ្ឋកិច្ចជាតិ អោយកាន់តែថ្កុំថ្កើនថែមទៀត ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានថ្លែងបន្តទៀតថា ពិធីបុណ្យដាលានធ្វើឡើងជាលក្ខណៈប្រពៃណីជារៀងរាល់ឆ្នាំក្រោយពេល ប្រមូលផល ដើម្បីរំឮកគុណដល់ទឹក ដី និង អាកាសធាតុ ដែលជាកត្តាសំខាន់ ដល់ការបង្កបង្កើនផលដំណាំ។
បុណ្យនេះធ្វើឡើងដោយមាន និមន្តព្រះសង្ឃសូត្រមន្ត ដើម្បីសុំសិរីសួស្តីដល់ប្រជាពលរដ្ឋ ក៏ដូចជាសុំអោយការបង្កបង្កើនផលស្រូវ បានផលច្រើន ជារៀងរាល់ឆ្នាំផងដែរ ។
នៅក្នុងពិធីនោះឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិម្ម រុក្ខាប្រម៉ាញ់និងនេសាទ បានមានប្រសាសន៍អំពាវនាវអោយប្រជាកសិករ ត្រូវធ្វើការកែប្រែនិងផ្លាស់ប្តូរនូវឥរិយាបទពីការធ្វើកសិកម្ម តាមទម្លាប់ចាស់ ងាកមកធ្វើតាមបច្ចេកទេសថ្មី ដែលធ្វើអោយកសិករចំណេញពេល ចំណាយតិច តែទទួលបានទិន្នផលខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ៕
ប្រភព៖ rasmeinews