ព្រៃវែង៖ មិនថាការងារលំបាកហត់នឿយ ស្ថានភាពផ្លូវពិបាកធ្វើដំណើរ ក៏ដោយក៏ទឹកចិត្តរបស់ថ្នាក់ដឹកនាំវ័យក្មេងរូបនេះស៊ូទ្រាំមិនរាថយឡើយ ហើយចិត្ត អារម្មណ៍នៅនឹកគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច និងបានរៀបចំផែនការសកម្មភាពការងារជាប្រចាំសំរាប់ការចុះមូលដ្ឋាន និងបានធ្វើការណែនាំដល់មន្ត្រីក្រោមឱវាទឲ្យយកចិត្តទុកដាក់ចូលរួមសហការដើម្បីអភិវឌ្ឍន៍ភូមិស្រុក ធានាបានសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈបានល្អប្រសើរ ហើយការងារចុះសួរសុខទុក្ខប្រជាពលរដ្ឋជាអាហារមិនអាចខ្វះបាន។ នេះជាការលើកឡើងរបស់លោក ម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្ដាលដែលបានថ្លែងប្រាប់ដល់មន្ត្រីក្រោមឱវាទកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ នាឱកាសចុះសំណេះសំណាលប្រជាពលរដ្ឋតាមបណ្ដាភូមិ។
ចាប់តាំងពីលោកអភិបាលវ័យក្មេងចូលកាន់តំណែងរយៈពេលជាង២ខែមកនេះ នៅក្នុងក្របខណ្ឌស្រុកមានការរីកចំរើនស្ទើរគ្រប់វិស័យ ហើយថ្នាក់ស្រុកតែងតែគិតគូរលើការងារសំខាន់ៗចម្បងបំផុតគឺ ផ្ដោតលើវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ការងារសង្គម មនុស្សធម៌ និងសន្តិសុខសុវត្ថិភាព។ ចំពោះការងារអង្គភាព លោកបានរៀបចំនិរន្តរភាពរដ្ឋបាលស្រុក និងបានបែងចែកមន្ត្រីទទួលបន្ទុកការងារតាមផែនការជំនាញរៀងៗខ្លួន ត្បិតតែលោកជាអភិបាលស្រុក តែលោកនៅតែបន្តការតាមដាននិងត្រួតពិនិត្យជានិច្ច។
សកម្មភាពអភិបាលកិច្ចទាំងអស់នេះ ធ្វើឲ្យមានការស្ញប់ស្ញែងសរសើរមិនដាច់ពីមាត់ពីសំណាក់ មន្ត្រីក្រោមឱវាទ ប្រជាពលរដ្ឋ និងមជ្ឈដ្ឋានជុំវិញបាននាំគ្នានិយាយថា «អភិបាលសម័យតេជោល្អណាស់» ព្រោះថាកន្លងមកមិនដែលមានថ្នាក់ដឹកនាំស្រុករបស់ពួកគាត់ធ្វើដូចនេះ ហើយមេស្រុកមុនៗមិនដែលស្គាល់សូម្បីតែឈ្មោះ។
ក្នុងពេលដែល លោក ម៉ននី បណ្ឌិត អភិបាលវ័យក្មេងចូលកាន់តំណែង គឺលោកបានចុះសកម្មភាពយ៉ាងសកម្មនិងដោះស្រាយនូវរាល់តំរូវការជូនពលរដ្ឋបានល្អប្រសើរសក្ដិសមជាមន្ត្រីគំរូនៅថ្នាក់ក្រោមជាតិ និងមានការទុកចិត្តពីគ្រប់ស្ថាប័ននៅជុំវិញខ្លួន។
សូមបញ្ជាក់ផងដែរថាស្រុកស៊ីធរកណ្ដាលជាស្រុកមានសក្ដានុពល ស្ថិតនៅតាមបណ្ដោយដងទន្លេតូចជាប់ព្រំប្រទល់ ស្រុកកោះសូទិន ខេត្តកំពង់ចាមស្ថានភាពរស់នៅប្រជាពលរដ្ឋមានជីវភាពល្អបង្គួរ តែមានតំបន់មួយចំនួនមានភាពស្មុកស្មាញដែលជាការយកចិត្តទុកដាក់ពី គណៈបញ្ជាការឯកភាពស្រុក៕ ដោយមែនកំសត់