កណ្ដាល៖ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ មានរៀបចំពិធី បើកការដ្ឋានជួសជុលផ្លូវ ដោយចាក់កៅស៊ូ AC បំបែកពីផ្លូវលេខ ២១A នៅទល់ផ្លូវ ១០៧ ប្រវែង ៣៤០ម៉ែត្រx១០ម៉ែត្រ ទំហំ៣៤០០ម៉ែត្រការ៉េ ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ។
ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្តមន្ត្រីរាជការជុំវិញខេត្ត ស្នងការនគរបាលខេត្ត អាវុធហត្ថខេត្ត បញ្ជាការសឹករងខេត្ត លោកអភិបាលក្រុង ក្រុមប្រឹក្សាក្រុង ចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ មេភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ សរុបប្រមាណ៤៧១នាក់។
នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាលបានមានមតិសំណេះសំណាលសាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមប្រកបដោយបរិយាកាសសប្បាយរីរាយ ។ ឯកឧត្តមក៏បានលើកឡើងថា សមិទ្ធផលដែលអាជ្ញាធរខេត្ត ចូលរួមបើកការដ្ឋានស្ថាបនាថ្ងៃនេះ វាធំធេងសំរាប់បងប្អូននៅក្នុងក្រុងតាខ្មៅ ដែលថ្នាក់ជាតិ ក្រសួង ស្ថាប័ន ពិសេសប្រមុខរាជរដ្ឋាភិបាល ដែលតែងគិតគូរនូវរាល់ទុក្ខលំបាករបស់បងប្អូនគ្រប់កាលៈទេសៈ។
នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានផ្តល់នូវកាដូអបអរសាទរសំរាប់ដើមឆ្នាំ២០១៦ដោយចេញនូវសេចក្តីសម្រេចចំនួន៣គឺ ១-ការលុបចោលប័ណ្ណបើកបរប្រភេទម៉ូតូត្រឹម១២៥សេសេ។ ២- ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធ ឬសិទ្ធកាន់កាប់អចលនទ្រព្យរវាងឪពុកមា្តយ ទៅកូន រវាងប្តី និងប្រពន្ធ និងរវាងយាយតាទៅចៅ។ ៣-លុបចោលនូវកិច្ចព្រមព្រៀងសម្បទានរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន អេហ្សិន ឌីស្ទ្រីប្យូហ្សិន ដែលសេចក្ដីសម្រេចទាំងនេះគឺជាផលប្រយោជន៍ដល់ប្រជាជនទូទាំងប្រទេស ដូចនេះរាល់ការសម្រេចរបស់ថ្នាក់ដឹកនាំ លើចំណុចសំខាន់ៗចម្បងរបស់បងប្អូនតំរូវការចង់បានគឺ វាចូលរួមចំណែក ការកាត់បន្ថយភាពក្រីក្រ នៅមូលដ្ឋាន និងការអភិវឌ្ឃន៍ប្រទេស ហើយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងខិតខំបន្តស្វែងរកនូវដំណោះស្រាយបន្ថែមទៀត ជូនប្រជាពលរដ្ឋ ទៅតាមយុទ្ធសាស្ត្រនិងផែនការអភិវឌ្ឃន៍របស់ថ្នាក់ជាតិ។
នៅទីបញ្ចប់ឯកឧត្តមគណៈអធិបតីក៏បានចែកជូនដល់អ្នកចូលរួម មានសិក្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋដែលបានចូលរួមសរុបប្រមាណ៤៧១នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន២០០០០រៀលផងដែរ៕ ដោយ មែន កំសត់