ឯកឧត្តម លន់ លឹម​ថៃ បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៥ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៦

26-January-2016 | ដោយ មួយឡា

កំពង់ចាម​៖ នា​ព្រឹក​ថ្ងៃទី ២៥ ខែមករា ឆ្នាំ​២០១៦ នៅ​សាលប្រជុំ​សាលា ខេត្តកំពង់ចាម​បាន​ប្រារព្ធ​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ ២០១៥ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ ២០១៦ ក្រោម​អធិបតីភាព ឯកឧត្តម លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម​។​

​ពិធី​នេះ​មានការ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ ជា​អភិបាលរង​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី (​ស្នងការ​នគរបាល អាវុធហត្ថ បញ្ជាការ​សឹក​រង​) មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត លោក​អភិបាល ក្រុង​-​ស្រុក​ទាំង​១០ ប្រធាន​ក្រុមប្រឹក្សា​ក្រុង​ស្រុក និង  មេឃុំ​-​ចៅសង្កាត់ ព្រមទាំង​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ សង្កាត់​ទូទាំង​ខេត្ត​ចូលរួម​ផងដែរ​។​

​បន្ទាប់មក លោក ហាន កុសល នាយក​រដ្ឋបាល​សាលាខេត្ត​កំពង់ចាម បាន​អាន​នូវ​របាយការណ៍​ស្ដីពី​ការងារ​បូកសរុប​លទ្ធផល​រដ្ឋបាល​ដែនដី ក្នុង​ខេត្តកំពង់ចាម ប្រចាំឆ្នាំ​២០១៥ ដោយ​ផ្ដោតលើ​ការងារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការងារ​អភិវឌ្ឍន៍ ការបំរើ​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​សកម្មភាព​របស់​ថ្នាក់ដឹកនាំ​ជាតិ​ចុះ​មូលដ្ឋាន និង​បញ្ហា​ប្រឈម​ក៏ដូចជា​សំណូមពរ ជូន​អង្គសន្និបាត​ស្ដាប់​រួចមក ឯកឧត្តម លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម ក៏បាន​មានមតិ ទៅកាន់​អង្គសន្និបាត​ថា ឯកឧត្តម សូម​កោតសរសើរ​ចំពោះ​ការចូលរួម​កិច្ចប្រតិបត្តិការ​របស់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ដែល​ខិតខំ​ប្រឹងប្រែង​ក្នុងការ​បង្ក្រាប​រាល់​បទ​ល្មើស​មិន​ឲ្យ​កើតមាន​ជា​ទ្រង់ទ្រាយ​ធំ ថ្វីត្បិតតែ​វា​នៅមាន​បន្តិចបន្តួច តែ​យើង​ត្រូវ​រួមគ្នា បង្ក្រាប​និង​ស្រាវជ្រាវ ស្វែងរក​មុខសញ្ញា ឈានដល់​ការចាប់ខ្លួន​យកមក​ផ្ដន្ទាទោស ឯកឧត្តម​ក៏បាន​សំណូមពរ ដល់​អង្គសន្និបាត ពិសេស​អាជ្ញាធរ ស្រុក​ក្រុង ឃុំ​សង្កាត់ ត្រូវ​បន្ត​ការផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព  ធ្វើការ​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ មិន​ឲ្យ​កើត​មាននៅ​មូលដ្ឋាន ហើយ​បន្ត​ការ​បំផុស​ចលនា​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ហើយ​ឲ្យ​ម្ចាស់​យានយន្ត​ត្រូវ​រួសរាន់​បំពេញ​ឯកសារ​ឲ្យ​បាន​គ្រប់គ្រាន់​ជៀសវាង​រង​នូវ​ការផាកពិន័យ នា​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦​ខាងមុខនេះ ។​

ឯកឧត្តម​ក៏បាន​ជំរុញ​ឲ្យ​គ្រប់​រដ្ឋបាល​ស្រុក​ក្រុង ឃុំ​សង្កាត់​មេត្តា​រៀបចំ​បង្កើត​នូវ​បច្ចេកវិទ្យា​ព័ត៌មាន​ដូចជា (​ហ្វេ​ស​បុក វ័ត​សអាប់​ឡាញ​ឃ៍​) ជាដើម ដើម្បី​តាមដាន​នូវ​រាល់​ព័ត៌មាន​របស់​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ ហើយ​ស្រុក​ក្រុង ឃុំ​សង្កាត់  មាន​ភាពងាយស្រួល​ផ្ញើ​ព័ត៌មាន​ទាន់សភាពការណ៍ បាន​មុន​និង​រៀបចំ​ឯកសារ​របាយការណ៍​ជា​ផ្លូវការ​តាម​ក្រោយ​។

​បន្ទាប់មក​ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ​សមាជិក​សមាជិកា នៃ​អង្គសន្និបាត ដែល​ចំណាយពេល​ចូលរួម​ក្នុង​កិច្ចប្រជុំ​នាពេលនេះ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​៕ ដោយ មែន កំសត់​

ចំនួនអ្នកទស្សនា

    20237717

  • ថ្ងៃនេះ4051
  • ម្សិលមិញ2941
  • សប្តាហ៍នេះ7001
  • ខែនេះ27051
  • ឆ្នាំនេះ1010271
  • សរុប20237717