ព្រៃវែង៖ នៅសាលាខេត្តព្រៃវៃងបានប្រារព្ធពិធីបិទសន្និបាតបូកសរុបលទ្ធផលកាងារឆ្នាំ២០១៥ និងទិសដៅអនុវត្តការងារឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
ក្នុងពិធីបិទសន្និបាតនេះដែរ មានការចូលរួមពីឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជា សុមេធី អភិបាលខេត្ត អភិបាលរងខេត្ត ស្នងការនគរបាល អាវុធហត្ថ បញ្ជាការសឹករងខេត្ត ប្រធានមន្ទីរជុំវិញសាលាខេត្ត លោកអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក អធិការនគរបាល អាវុធហត្ថ បញ្ជាការសឹករងស្រុក លោកមេឃុំ នាយប៉ុស្តិ៍នគរបាលឃុំរួមទាំងមន្ត្រីដែលពាក់ព័ន្ធជាច្រើននាក់ទៀត។
បន្ទាប់ពីបានស្ដាប់របាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ប្រចាំឆ្នាំ២០១៥ និងលើកទិសដៅបន្តសំរាប់ ២០១៦ និងបញ្ហាប្រឈមនានា ក៏ដូចជាសំណូមពររបស់សមាជិកសមាជិកានៃអង្គសន្និបាតដែលបានពិភាក្សា និងស្វែងរកដំណោះស្រាយដើម្បីជាផែនការអាទិភាពរបស់រដ្ឋបាលខេត្តព្រៃវែង ដែល អានជូនដោយឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែងរួចមក នាឱកាសដ៏វិសេសវិសាលនោះ សម្ដេចក្រឡាហោម ស ខេង បានមានមតិសំដែងនូវការកោតសរសើរដល់រដ្ឋបាលខេត្ត រួមនិងមន្ត្រីដែលពាក់ព័ន្ធ ពិសេសអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ដែលបានខិតខំចូលរួមកិច្ចសហការ លើការងារ គ្រប់វិស័យនៅក្នុងខេត្តមានការរីកចំរើន និងរក្សាធានាបានសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋបានល្អប្រសើរ តាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិ កាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន។
សម្ដេចក្រឡាហោមក៏បានលើកឡើងបន្តទៀតថា ៖ ក្នុងនាមក្រសួងមហាផ្ទៃ ដែលជាប្រធានគណៈកម្មាធិការបញ្ជាការដឹកនាំគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងតំណាងឲ្យរាជរដ្ឋាភិបាលសូមដាក់ជូននូវផែនការ ណែនាំ ក៏ដូចជាទិសដៅសំរាប់ឲ្យថ្នាក់ខេត្ត ត្រូវអនុវត្តន៍បន្តនិងរួមគ្នាប្រតិបត្តិដោយខានមិនបាន គឺ ត្រូវរក្សាសាមគ្គីផ្ទៃក្នុង រវាងក្រុមប្រឹក្សានិងគណៈអភិបាលខេត្ត រៀបចំរបៀបរបបពេលវេលាប្រជុំឲ្យបានទៀងទាត់ស្របតាមបទបញ្ជាផ្ទៃក្នុង មានផែនការការងារចុះមូលដ្ឋាន ដើម្បីស្វែងរកតំរូវការបញ្ហាប្រឈមនានានិងរួមគ្នាដោះស្រាយឲ្យបានទាន់ពេលវេលា ជៀសវាងការជះទឹកដាក់គ្នា ដែលមិនមែនជាមន្ត្រី ដឹងតែចង់បានលាភសក្ការៈដល់មានបញ្ហាខ្វះការទទួលខុសត្រូវ អភិបាលខេត្តត្រូវជំរុញដល់ថ្នាក់ឃុំ អនុវត្តន៍លើគោលនយោបាយភូមិឃុំមានសុវត្ថិភាព៩ចំណុច មិនមែនធ្វើសើៗលំៗនោះឡើយ ។
សម្ដេចក្រឡាហោមក៏បានដាក់ជូននៅទិសដៅសំខាន់ៗ ដើម្បីឲ្យរដ្ឋបាលខេត្តត្រូវរួមគ្នាអនុវត្តន៍សំរាប់ឆ្នាំ២០១៦រួមមាន៖ ១- បន្តពង្រឹងការងារសន្តិសុខ សុវត្ថិភាព សន្តិភាព ជូនប្រជាជនដែលជាស្នូលក្នុងការអភិវឌ្បជាតិ។ ២-ជំរុញការងារកសិកម្មដែលជាប៉ូលដ៏សំខាន់ក្នុងការអភិវឌ្បសេដ្ឋកិច្ចជាតិ។ ៣- បន្តការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ អោយច្រើនដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងដឹកកសិផលទៅទីផ្សារ។ ៤- បន្តយកចិត្តទុកដាក់លើវិស័យសុខាភិបាល។ ៥-ជំរុញការផ្តល់សេវា សាធារណៈ ដល់ប្រជាពលរដ្ឋប្រកបដោយតម្លាភាព។ ៦- បន្តការងារអនុវត្តន៍លើការស្តារប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាបានការដោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋ។ ៧- ជំរុញការផ្គត់ផ្គង់ អគ្គិសនី ទឹកស្អាត ជូនប្រជាពលរដ្ឋ និង ៨- ខិតខំដោះស្រាយ បញ្ហាប្រឈមផ្សេងៗទៀត។
បន្ទាប់មកសម្ដេចក្រឡាហោម ស ខេង បានថ្លែងនូវអំណរគុណចំពោះសមាជិកសមាជិកាទាំងអស់ដែលចំណាយពេលចូលរួមក្នុងពិធីសន្និបាតបូកសរុបរយៈពេល១ថ្ងៃនេះប្រកបដោយភាពរីករាយ និងការទទួលខុសត្រូវខ្ពស់៕ ដោយ មែន កំសត់